យោង Starsport បានអោយដឹងថា៖ Henrikh Mkhitaryan ចង់ជួប និង ចរចារទល់មុខជាមួយលោក Jose Mourinho អ្នកចាត់ការទូទៅក្រុម Man.United បន្ទាប់ពីកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមជម្រើសជាតិអាមេនី វ័យ 28ឆ្នាំរូបនេះ មិនត្រូវបានស្ថិតនៅក្នុងបញ្ជីប្រើប្រាស់ របស់លោក Jose Mourinho កាលពីពេលថ្មីៗកន្លងមកនេះពោលគឺចាប់តាំងពីជំនួបក្រុម Man.United ចាញ់ក្រុម Chelsea 1:0 កាលពីដើមខែវិច្ឆិការកន្លងមក។

Mkhitaryan បានបង្ហាញខ្លួនតែម្តងគត់ក្នុងនាមជាកីឡា ករបម្រុងក្នុងជំនួបជាមួយក្រុម Brighton កាលពីខែមុន ហើយសម្រាប់ជំនួបចុងក្រោយកាលពីសប្តាហ៏មុននៅកីឡាដ្ឋាន Old Trafford ជាមួយក្រុម Man.City រូបគេ ក៏មិនត្រូវបានជាប់ជាជម្រើស 11នាក់ដំបូង សូម្បីតែអង្គុយជាកៅអីបម្រុងក៏ដោយ។

ទាំងភ្នាក់ងារកីឡាករ និងសាមីខ្លួនចង់អង្គុយជជែកពិភាក្សា និងស្វែងរកចម្លើយពិត ព្រមទាំងចង់ដឹងពីអនាគតរបស់គេនៅកីឡាដ្ឋាន Old Trafford និងទៅជាយ៉ាងណា ខណៈដែលចាប់ផ្តើមរដូវកាលដំបូង(2016-2017)Mkhitaryan បានបង្ហាញទម្រង់លេងយ៉ាងល្អ និងជាកីឡាករឆ្នើមជួរមុខម្នាក់របស់ក្រុមព្រមទាំងជួយលើកពាន Europa League និង League Cup ផងដែរ។

Mhitaryan ត្រូវបានលោក Jose Mourinho ទិញមកពីក្រុម Borussia Dortmund នៅរដូវកាលមុន ក្នុងតម្លៃ 30លានផោន។ ជាមួយការបង្ហាញខ្លួននៅរដូវកាលថ្មី(2017-2018)នេះបានត្រឹមតែ 814នាទី រកគ្រាប់បាល់ បាន 1គ្រាប់ និង Assist បាន 5គ្រាប់។