ក្រុម Manchester City បានកត់ត្រាជ័យជម្នះជាលើកទី ១៥ជាប់ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League ខណៈដែលការរកបានគ្រាប់បាល់បញ្ចូលទី២ គ្រាប់របស់ខ្សែបម្រើ David Silva បានជួយឲ្យពួកគេលត់ក្រុមបាតតារាង Swansea យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ កាលពីថ្ងៃពុធ។

ខ្សែបម្រើដ៏មានឥទ្ធិពល Kevin De Bruyne និងខ្សែប្រយុទ្ធ Sergio Aguero ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុមកំពុងតែមានពិន្ទុនាំមុខ Man City បានបំបែកកំណត់ត្រានៃការឈ្នះជាប់ៗគ្នាកាលពីមុនក្នុងក្របខណ្ឌ Premier League ដែលត្រូវបានបង្កើតឡើងដោយក្រុម Arsenal នៅចន្លោះខែកុម្ភៈ និងខែសីហា ឆ្នាំ២០០២។

ក្រុមរបស់លោក Pep Guardiola បានយកឈ្នះលើក្រុមត្រដាបត្រដួស Swansea យ៉ាងងាយស្រួល ដើម្បីពង្រឹងការនាំមុខរបស់ខ្លួន ក្នុងការប្រជែងដណ្តើមពាន ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់នៃតង់នីមួយៗ នាកីឡដ្ឋាន Liberty។ Man City នៅតែនាំមុខ ១១ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester United និងកំពុងតែបង្ហាញពីភាពច្បាស់លាស់ក្នុងការធ្វើដំណើរទៅកាន់ការឈ្នះពាន។

តារាឆ្នើម Silva បានដើរតួនាទីដ៏សំខាន់ក្នុងការជួយឲ្យក្រុម Man City ទទួលជ័យជម្នះជាប្រវត្តិសាស្រ្ត តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អចំនួន ២គ្រាប់។ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City បានឲ្យដឹងថា៖ «បើគិតថា យើងមានការប្រកួតជាច្រើននៅចំពោះមុខ និងការប្រកួតដ៏ស្វិតស្វាញមួយនៅកីឡដ្ឋាន Old Trafford កាលពី ៣ថ្ងៃមុន យើងពិតជារឹងមាំ យើងពិតជាស្រេកឃ្លាន ហើយយើងបានបង្ហាញពីទម្រង់លេងយ៉ាងល្អ។ នៅពេលដែលក្រុមលេងល្អបែបនេះ យើងពិតជារីករាយ ហើយយើងយល់ពីអ្វីដែលយើងចង់ធ្វើ»៕