សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA បានស្នើឲ្យលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United ពន្យល់ទៅលើការបញ្ចេញមតិផ្សេងៗដែលលោកបានធ្វើនៅមុនពេលក្រុមរបស់លោកបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Manchester City កាលពីចុងសប្តាហ៍មុន។

អ្នកនាំពាក្យម្នាក់របស់ FA បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា៖ «លោកមានពេលវេលារហូតដល់ម៉ោង៦ល្ងាច ថ្ងៃចន្ទ ទី១៨ ខែធ្នូ ដើម្បីឆ្លើយតប»។ ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតរបស់លោក លោក Mourinho បានលើកឡើងថា កីឡាករនៃក្រុម Man City មាននិន្នាការធ្វើពុតជាដួល តាមរយៈការបញ្ជាក់ថា វាត្រូវការខ្សល់តែបន្តិចប៉ុណ្ណោះសម្រាប់ពួកគេ ក្នុងការដួលនៅលើទីលាន។ គ្រូបង្វឹករូបនេះ ក៏បានចោទសួរពីសិទ្ធិរបស់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City ផងដែរ ក្នុងការពាក់បូមួយ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយនឹងក្រុមដែលចង់ផ្តាច់តំបន់ Catalonia ពីប្រទេសអេស្ប៉ាញ តាមរយៈការលើកឡើងថា គ្រូបង្វឹករូបនេះ មិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើបែបនេះឡើយ។

FA កំពុងតែធ្វើការស៊ើបអង្កេតរួចជាស្រេចទៅលើជម្លោះវាយតបគ្នាមួយដែលបានផ្ទុះឡើង ក្រោយពីការប្រកួតកាលពីថ្ងៃអាទិត្យ នៅកីឡដ្ឋាន Old Trafford ខណៈដែលជម្លោះនោះបានកើតឡើងដោយសារតែការតវ៉ារបស់លោក Mourinho អំពីការអបអរជ័យជម្នះក្នុងសំឡេងខ្លាំងៗរបស់ក្រុម Man City។