ក្រុម Monaco របស់លោក Leonardo Jardim នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Saint-Etienne នៅរាត្រីថ្ងៃសុក្រនេះ ដោយសង្ឃឹមថា អាចបំភ្លេចការធ្លាក់ចុះទម្រង់លេងរបស់ពួកគេនាពេលថ្មីៗនេះ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី៣ ជាប់ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1។

ក្រុមម្ចាស់ការពារតំណែងជើងឯករបស់បារាំងមួយនេះ កំពុងតែដេញតាមពីក្រោយក្រុមកំពុងនាំមុខលើតារាងលីក Paris Saint-Germain រហូតដល់ទៅ ៩ពិន្ទុ នៅមុនពេលពួកគេធ្វើដំណើរទៅជួបក្រុម Rennes នៅថ្ងៃសៅរ៍ ក្រោយពីបានសង្គ្រោះការបរាជ័យ ២លើកជាប់ៗគ្នា តាមរយៈការកត់ត្រាជ័យជម្នះលើក្រុម Angers និង Troyes។ Monaco គួរតែប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងក្រុម Saint-Etienne បើទោះបីក្រុមម្ចាស់ផ្ទះមួយក៏កំពុងតែជួបភាពត្រដាបត្រដួស ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត ៨លើកចុងក្រោយ ក៏ដោយ។

លោក Jardim គ្រូបង្វឹករបស់ក្រុម Monaco បានឲ្យដឹងថា៖ «ក្រុម Saint-Etienne កំពុងតែស្ថិតក្នុងសស្ថានភាពដ៏លំបាកមួយ ប៉ុន្តែពួកគេជាក្លិបដ៏ធំមួយ។ ពួកគេបានឡើងទៅឈរនៅលើកំពូលតារាងក្នុងរយៈប៉ុន្មានចុងក្រោយនេះ។ យើងមិនត្រូវមើលស្រាលពួកគេឡើយ និងត្រូវលេងឲ្យបាន ១០០ភាគរយ ដើម្បីទទួលបាន ៣ពិន្ទុ»។ វាបានក្លាយជារដូវកាលដ៏ត្រដាបត្រដួសមួយសម្រាប់ក្រុម Monaco ក្រោយពីបាត់បង់តារាឆ្នើមដូចជា Kylian Mbappe, Tiemoue Bakayoko, Bernardo Silva និង Benjamin Mendy អំឡុងពេលបើកទីផ្សារដោះដូរកីឡាករ ស្របពេលដែលខ្សែបម្រើ Djibril Sidibe និង Thomas Lemar សុទ្ធសឹងបានបញ្ហារបួសដូចគ្នា។

ជាមួយគ្នានេះ ក៏មានព័ត៌មានមិនល្អសម្រាប់លោក Jardim កាលពីថ្ងៃពុធផងដែរ ខណៈដែលខ្សែបម្រើអន្តរជាតិប្រេស៊ីល Fabinho បាននិយាយថា រូបគេរំពឹងទុកថា នឹងចាកចេញពីក្លិប Monaco នៅចុងរដូវកាលនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
ប្រភព៖ Sport24