លោក Mauricio Pochettino បានសម្តែងនូវការពេញចិត្ត ក្រោយពីក្រុម Tottenham Hotspur ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Brighton & Hove Albion បើទោះបីគ្រាប់បាល់បញ្ចូលទាំងនោះហាក់ដូចជាគ្រាប់បាល់កើតឡើងដោយសារតែសំណាងក៏ដោយ។ គ្រាប់បាល់ជាលើកទី១ របស់ខ្សែការពារ Serge Aurier សម្រាប់ក្រុម Tottenham នៅនាទី ទី៤០ គឺជាគ្រាប់បាល់បើកឆាកក្នុងការប្រកួតនាកីឡដ្ឋាន Wednesday កាលពីថ្ងៃពុធ។ ក្រោយពីការស៊ុតផ្លាតពីសំណាក់ខ្សែប្រយុទ្ធ Son Heung-min នៅរយៈពេល ៣នាទីចុងក្រោយនៃការប្រកួត បានបំពេញជ័យជម្នះសម្រាប់ក្រុម Spurs ក៏ដូចជាជួយឲ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League តែម្តង។

ក្រោយពីដណ្តើមបានជ័យជម្នះនេះ លោក Pochettino សញ្ជាតិអាហ្សង់ទីន បានបញ្ជាក់ថា ក្រុម Spurs របស់លោក នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Manchester City នៅរាត្រីថ្ងៃសៅរ៍នេះ ទាំងការជឿជាក់ ហើយពួកគេនឹងដណ្តើមឲ្យបាន ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ខ្ញុំគឺជាមនុស្សវិជ្ជមានម្នាក់។ ខ្ញុំពិតជារីករាយណាស់ដែលយើងបានទទួលជ័យជម្នះ ហើយការដណ្តើមបាន៣ពិន្ទុពិតជាសំខាន់ណាស់សម្រាប់យើង។ តើវានឹងមានអ្វីកើតឡើងនៅថ្ងៃសៅរ៍នេះ។ តើនរណាដឹងអត់? ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីស្វែងរកជ័យជម្នះ និងគិតថា យើងអាចឈ្នះ»។

លោក Pochettinoបានបន្ថែមទៀតថា៖ «យើងបានកត់ត្រាជ័យជម្នះ ៣លើកជាប់ៗគ្នា ពោលគឺ ១លើក្នុងក្របខ័ណ្ឌ Champions League និង ២លើកក្នុង Premier League។ ហេតុនេះ យើងនឹងឈានទៅកាន់ការប្រកួតនៅថ្ងៃសៅរ៍នេះ ទាំងការជឿជាក់»។ ដោយឡែក ក្រុម Man City ទើបតែបានយកឈ្នះលើក្រុម Swansea ៤-០ កាលពីថ្ងៃពុធ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី១៥ ជាប់ៗគ្នារបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១២:៣០រំលងអធ្រាត្រ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

22.01.17 PL Manchester City 2-2 Tottenham

02.10.16 PL Tottenham 2-0 Manchester City

14.02.16 PL Manchester City 1-2 Tottenham

ប្រភព៖ Worldsoccertalk