គ្រូបង្វឹកក្រុម Paris Saint Germain លោក Unai Emery បានសម្តែងចេតនាចង់បានអ្នកចាំទីឆ្នើមមួយរូបដើម្បីមកបំពេញ និងពង្រឹងប្រព័ន្ធលេងអោយបានកាន់តែល្អថែមទៀត ខណៈដែលអ្នកចាំទីបច្ចុប្បន្នគឺកីឡាករ Areola និង Kevin Trapp មិនបានបង្ហាញសមត្ថភាពលេងអោយល្អតាមដែលអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះពេញចិត្តនោះទេ។

Jan Oblak សញ្ជាតិស្លូវើនៀ វ័យ 24ឆ្នាំរបស់ក្រុម At.Madrid គឺជាកីឡាករមួយរូប ដែលលោក Emery ចង់បានមករួមក្រុមនាកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកនាខែមករាខាងមុខ។ Oblak ដែលត្រូវបានចាត់ទុកថាជាអ្នកចាំទីដែល កំពុងបង្ហាញខ្លួនជាកីឡាករកំពូលក្នុងចំណោមអ្នកចាទីល្បីៗនៅតំបន់អឺរ៉ុបមានដូចជា៖ Ter Stegen របស់ក្រុម Barcelona និង Neurer របស់ក្រុម Bayern Munich ជាដើម។

ការរៀបចំស្នើសុំរបស់លោក Emery ជាមួយទឹកប្រាក់តម្លៃខ្លួន និងបូកបន្ថែមកីឡាករខ្សែបម្រើ Javier Pastore សញ្ជាតិអាហ្សង់ទីនមួយរូបទៀត ដើម្បីអោយគ្រូបង្វឹក របស់ក្រុម At.Madrid ពិចារណា ក្រោយពីលោក Diego Simone បានសម្តែងការពេញចិត្តរូបគេកន្លងមក។ ក្រុម At.Madrid នៅមិនទាន់បង្ហាញចេតនាចង់លក់អ្នកចាំទីឆ្នើម Oblak រូបនេះចេញនោះទេ ខណៈដែលក្រុមក៏បានសម្តែងការចាប់អារម្មណ៏ចង់បានអតីតកីឡាករអ្នកចាំទី Thibaut Coutois កំពុងលេងអោយក្រុម Chelsea ត្រលប់មករួមក្រុមវិញ។