ទ្វារបន្ទប់ស្នាក់នៅរបស់លោក Emery ស្ថិតនៅជាន់ទី7 ត្រូវបានបិទតែមិនបានចាក់សោរ និងសម្ភារៈត្រូវបានរើកកាយ ខណៈដែលទ្រព្យសម្បត្តិមានតម្លៃមួយចំនួនដូចជា៖ កាបូបដៃទាន់សម័យម៉ាក Chanel ចំនួន 2ជារបស់ប្រពន្ធរបស់លោក Emery គឺអ្នកស្រី Louisa Fernandez, គ្រឿងអលង្ការ អាវយឺតកីឡាបាល់ទាត់កំលុងពេលចុះហត្ថលេខានាំយក Neymar ពីក្រុម Barcelona និងនាឡិកាដៃម៉ាក Rolex តម្លៃ 6000ផោន ត្រូវបានបាត់បង់ សរុបទាំងអស់មានតម្លៃរហូតដល់ 17000ផោនឯណោះ។

សារពត៌មាន AFP បានដកស្រង់សម្តី របស់ប៉ូលីសថា៖ មានចោរមិនដឹងចំនួនច្បាស់ បានលបលួចចូលទៅ ក្នុងផ្ទះរបស់លោក Unai Emery បច្ចុប្បន្នមានតួនាទីជាគ្រូបង្វឹកក្រុម Paris Saint Germain កំលុងពេលអ្នកចាត់ការទូទៅរូបនេះ កំពុងស្ថិតនៅគ្រប់គ្រងកូនក្រុមក្នុងជំនួបដែលក្រុមរបស់លោកផ្តួល Strasbourg ដោយលទ្ធផល 4:2 ក្នុងការប្រកួតនៅ ក្របខណ្ឌ French League Cup កាលពីថ្ងៃពុធកន្លងមកនេះ។

គេទំព័រ Lepoint ក៏បានបញ្ជាក់អោយដឹងផងដែរថា មានឯកសារសម្ងាត់មួយចំនួន រួមទាំងថវិកាចំណាយ ប្រាក់លើកទឹកចិត្ត និងគម្រោងផែនការដោះដូរកីឡាករត្រូវបានចោររុះរើនិងធ្វើអោយបាត់ខ្ចាត់ខ្ចាយផងដែរ។ ប្រពន្ធរបស់លោក Emery គឺនាង Fernandez បានដឹងដំណឹងនេះនៅកំលុងម៉ោង 11យប់កាលពីថ្ងៃពុធ បួនម៉ោងមុនពេលដែលលោក Emery វិលត្រលប់មកដល់ផ្ទះវិញ។

ប្រភព៖ mirror