កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សង្ឃឹមថានឹងទទួលបានផ្លែផ្កាជាច្រើនទៀត នៅរដូវកាល(2017-2018)នេះ បន្ទាប់ពីបានឈ្នះពានបាល់មាសលើកទី5 និងបន្តជួយក្រុមស្តេចស Real Madrid លើកពាន FIFA Club World Cup 2017 ក្រោយផ្តួលក្រុមមកពីក្របខណ្ឌកំពូលប្រេស៊ីល Gremio ដោយលទ្ធផល 1:0 នៅកីឡាដ្ឋានទីក្រុង Abu Dhabi នាប្រទេសអារ៉ាប់រួមកាលពីយប់ថ្ងៃសៅរ៏កន្លងទៅនេះ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ 32ឆ្នាំ Ronaldo ធ្វើបានសម្រេចនាំមុខ 1:0 ដោយការទាត់បាល់ Free Kick នៅនាទីទី53 និងជាគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុម ខណៈដែលខ្សែបម្រើ Luka Modric ស្ទើរតែរកបាន បាល់មួយគ្រាប់បន្ថែមទៀតទៅហើយ ប៉ុន្តែបាល់ដែលស៊ុតចេញពីជើងកីឡាករក្រុមជម្រើសជាតិក្រូអាតរូបនោះ បានប៉ះទៅនឹងរបាទីខាងក្រោម។

ជ័យជំនះក្នុងការប្រកួតដណ្តើមពាន Club World Cup នេះបានធ្វើអោយក្រុមជើងឯក LA LIGA មានកំណត់ត្រាស្មើជាមួយក្រុម Barcelona ដែលធ្លាប់ធ្វើបាននៅឆ្នាំ2014។ សម្រាប់ឆ្នាំ2017 នេះ ក្រុម Real Madrid បានឈ្នះពានជើងឯកសរុប 5 រួចមកហើយមានដូចជា 1.Champions League, 2.La Liga, 3.UEFA Super Cup, 4.Spanish Super Cup និង 5.Club World Cup និងសរុបទាំងអស់គឺ 8ពានហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបារាំង Zinidine Zidane ដែលបានចូលមកកាន់មុខតំណែងនេះកាលពីខែមករា ឆ្នាំ2016 កន្លងមក។

ប្រភព៖ BBC