អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man City លោក Pep Guardiola បានឧទ្ទិសជ័យជម្នះកាលពីយប់មិញដោយលទ្ធផល 2-1 លើក្រុមកំពូលតារាង SerieA គឺក្រុម Napoli ក្នុងការប្រកួតដណ្តើមពាន Champions League យប់ថ្ងៃអង្គារ 17ខែតុលា​ ឆ្នាំ2017 ដល់មេដឹកនាំក្រុមផ្ដាច់ខ្លួន កាតាឡាន់ 2រូបដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសអេស្ប៉ាញ។

អតីតគ្រូបង្វឹកក្រុម Barcelona, Bayern Munich លោក Guardiola បានផ្តល់បទសម្ភាសន៏នៅក្រោយចប់ការប្រកួតយប់មិញថា៖ “ខ្ញុំសូមឧទ្ទិសជ័យជម្នះនេះជូនដល់ពួកគេ។ ពួកយើងបានបង្ហាញប្រាប់ពិភពលោកនៅតំបន់កាតាឡូនី គឺធំជាងអ្វីទាំងអស់ ហើយយើងសង្ឃឹមថាពួកគេនឹងត្រូវបានដោះលែងឆាប់ៗ”។

គួររំលឹកឡើងវិញផងដែរថា មនុស្សរាប់ម៉ឺននាក់បានដើរតាមផ្លូវនៅទីក្រុង Barcelona កាលពីថ្ងៃអង្គារនេះ ដើម្បីតវ៉ាប្រឆាំងតុលាការដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដ ដែលចេញសាលក្រមឃុំលោក Jordi Cuixart និង Jordi Sanchez នៅក្នុងពន្ធនាគារ រង់ចាំការស៊ើបអង្កេតពីបទញុះញង់ និងបង្កអំពើខុសច្បាប់ត្រូវបានចោតប្រកាន់ដោយរដ្ឋអាជ្ញាប្រទេសអេស្បាញ ក្រោយក្រុមនៅតំបន់ Catalan ចង់ផ្តាច់ខ្លួនជារដ្ឋឯករាជ្យ ចេញពីប្រទេសអេស្បាញ៕

លោក Guadiola ធ្លាប់មានប្រវត្តកើតចេញពីតំបន់ Catalan និងធ្លាប់លេងអោយក្រុម ហើយដឹកនាំក្រុមដែលមានមូលដ្ឋាននៅតំបន់នោះគឺ Barcelona អោយឈ្នះពានជាច្រើនកំលុងពេលរូបលោក ដឹកនាំក្រុម មុនផ្ទេរទៅដឹកនាំក្រុម Bayern Munich កាលពីឆ្នាំ2013។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Marca