ខ្សែបម្រើប្រយុទ្ធ Mohamed Salah និង Philippe Coutinho បានជួយឲ្យក្រុម Liverpool ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-០ នៅលើទឹកដីក្រុម Bournemouth ខណៈដែលក្រុមហង្សក្រហមមួយនេះ បានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League វិញ កាលពីថ្ងៃអាទិត្យ។

ខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Salah គឺជាកីឡាកររបស់ក្រុម Liverpool ដំបូងគេ ចាប់តាំងពី Luis Suarez និង Daniel Sturridge ក្នុងរដូវកាលឆ្នាំ២០១៣-២០១៤ ក្នុងការស៊ុតបាល់បញ្ចូលទីបាន ២០គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់ ក្រោយពីរូបគេរកបានគ្រាប់បាល់ក្នុងចំនួននោះពីការប្រកួតត្រឹមតែ ២៦លើកប៉ុណ្ណោះ។ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Coutinho ក៏បានរកគ្រាប់បាល់បញ្ចូលទីដ៏ច្រើនផងដែរ នៅរដូវកាលនេះ បើទោះបីទើបតែបានចូលលេងការប្រកួតដំបូងរបស់ពួកគេនៅរដូវកាលនេះ កាលពីពាក់កណ្តាលខែកញ្ញា ដោយសារតែបញ្ហារបួសក៏ដោយ។

ទាំង Salah និង Coutinho សុទ្ធ សឹងបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អឥតខ្ចោះដើម្បីធ្វើឲ្យក្រុម Liverpool ធ្វើការគ្រប់គ្រងទាំងស្រុងនាកីឡដ្ឋាន Dean Court។ ខ្សែការពារ Dejan Lovren ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែល Liverpool បានបំពេញជ័យជម្នះដ៏កក់ក្តៅរបស់ខ្លួនតាមរយៈគ្រាប់បាល់របស់ Roberto Firmino ក្នុងតង់ទី២។

លទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp ឡើងទៅឈរពីលើក្រុម Arsenal ក្នុងចំណាត់ថ្នាក់លេខ៤។ លោក Klopp បានឲ្យដឹងថា៖ «វាពិតជាការទទួលជ័យជម្នះដ៏សំខាន់មួយ ខណៈដែលយើងបានទទួលលទ្ធផលស្មើ២លើកពីការប្រកួត២លើកចុងក្រោយរបស់យើង ហើយការប្រកួតទាំងពីរលើកនោះ យើងគួរតែបានជ័យជម្នះ។ យើងពិតជាត្រូវតែរឹងមាំ និងត្រូវបង្ហាញពីសមត្ថភាពរបស់យើងគ្រប់ពេលទាំងអស់ ក៏ដូចជាបង្ហាញថា យើងស្ថិតនៅជាមួយគ្នា»៕
វីឌីអូហាយឡាយការប្រកួតរវាងក្រុម Bournemouth vs Liverpool ៖