លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានជួបជាមួយនឹងក្រុមគ្រួសាររបស់តារាឆ្នើម Antoine Griezmann នៃក្រុម Atletico Madrid នៅមុនពេលការផ្ទេរដែលអាចទៅរួចមួយនៅរដូវក្តៅខាងមុខនេះ។

នេះបើយោងទៅតាមកាសែតកីឡាប្រចាំថ្ងៃ Mundo Deportivo កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ដែលបានក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់ក្រុម Atletico នៅរយៈពេល ៣រដូវកាលចុងក្រោយនេះ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Manchester United កាលពីមុន។ ប៉ុន្តែ ទោះបីជាយ៉ាងណា Barca ហាក់ដូចជាមានបំណងក្នុងការចំណាយប្រាក់ ១០០លានអឺរ៉ូ (ស្មើនឹង ១១៨លានដុល្លារអាមេរិក) ក្នុងការទិញរំលាយកិច្ចសន្យារបស់ ខណៈដែលពួកគេកំពុងតែស្វែងរកកីឡាករដែលអាចចាប់ដៃគូជាមួយនឹង Lionel Messi និង Luis Suarez ក្នុងតំបន់ប្រយុទ្ធ ក្រោយពីការចាកចេញរបស់ Neymar ទៅកាន់ក្លិប Paris Saint-Germain កាលពីខែសីហា ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ។

កាសែត Mundo Deportivo ដែលមានមូលដ្ឋាននៅទីក្រុង Barcelona បានចេញផ្សាយថា៖ «Barca បានចាត់ទុក Griezmann ជាគោលដៅមួយសម្រាប់ឆ្នាំ២០១៨ ហើយពួកគេបានពិភាក្សាគ្នាជាមួយនឹងក្រុមគ្រួសាររបស់គេដើម្បីមើលថា រូបគេចង់ពាក់អាវពណ៌ខៀវ និងក្រហម ឬយ៉ាងណា»។ កាសែតដដែលបានបន្ថែមទៀតថា៖ «ក្រោយពីទទួលបានការឆ្លើយតបថា យល់ព្រម ការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់ ជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ដោយមានលោក Pep Segura ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Barcelona និងលោក Robert Fernandez ប្រធានផ្នែកកីឡា ជាអ្នកសម្របសម្រួល។ លោកប្រធាន Josep Maria Bartomeu ក៏បានឈានដល់ការបំពេញប្រតិបត្តិការរបស់លោកផងដែរ»៕

ប្រភព៖​​​​​​​​​​​​​​​​​​ worldsoccertalk