Manuel Lanzini ត្រូវ​ពិន័យ​ដោយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា​ FA សម្រាប់​ការ​ធ្វើ​ពុត​ដួល​ (Diving) ក្នុង​ការ​ប្រកួត​ Premier League ទល់​នឹង​ Stoke។

ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន​បាន​ដួល​ក្នុង​ប្រអប់​ពេល​ប្រជែង​គ្នា​ជាមួយ​កីឡាករ​ Erik Pieters ហើយ​ភ្លាម​នោះ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​ឲ្យ​ West Ham ស៊ុត​នាំ​មុខ​ ១-០ ក្នុង​ជំនួប​ដែល​ពួកគេ​ឈ្នះ​ ៣-០។ Lanzini មាន​ពេល​ត្រឹម​ម៉ោង​៦​ល្ងាច​ (ម៉ោង​អង់គ្លេស) ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ប្ដឹង​តវ៉ា។

ការ​ពិន័យ​គឺ​សម្រេច​ដោយ​អ្នក​ជំនាញ​​ឯករាជ្យ​៣​នាក់​របស់​ FA ហើយ​បើ​គ្រប់​យ៉ាង​មិន​ប្រែ​ប្រួល​ទេ Lanzini នឹង​អវត្តមាន​ ២​ប្រកួត​បន្ទាប់​របស់​ West Ham រួមមាន​ ប៉ះ​ Arsenal នៅ League Cup និង​ ប៉ះ​ Newcastle នៅ​ Premier League។

ខ្សែ​ប្រយុទ្ធ​​ Oumar Niasse របស់​ Everton គឺ​ជា​កីឡាករ​ដំបូង​ដែល​ត្រូវ​ FA ពិន័យ​ចំពោះ​បទ​ល្មើស​ដូចគ្នា​នេះ​ បន្ទាប់​ពី​ធ្វើ​ពុត​ដួល​ពេល​ប្រជែង​​ជាមួយ​ Scott Dann ក្នុង​ការ​ប្រកួត​ដែល​ស្មើ​គ្នា​ ១-១ ជាមួយ​ Crystal Palace។

គួរ​រម្លឹក​ថា​ FA បាន​បង្កើត​ច្បាប់​ថ្មី​មួយ​ដាក់​ពិន័យ​ដល់​កីឡាករ​ណា​ដែល​ធ្វើ​ពុត​ដួល​បន្លំ​ភ្នែក​អាជ្ញាកណ្ដាល​ អំឡុង​ពេល​ប្រកួត​ ដែល​ច្បាប់​នេះ​ប្រកាស​ឲ្យ​ប្រើ​ចាប់​ពី​រដូវ​កាល​២០១៧-១៨​តទៅ៕ ​




ប្រភព៖ Independent ប្រែសម្រួល៖ វីរ៉ុត