ក្រុមការពារតំណែងជើងឯក Premier League តោខៀវ Chelsea បានបង្ហាញចំណាប់អារម្មណ៏ និងត្រៀមផែនការទឹកប្រាក់ 25លានផោន ដើម្បីនាំយកអតីតខ្សែប្រយុទ្ធស្លាបរបស់ក្រុម Man.United Wilfried Zaha បច្ចុប្បន្នកំពុងលេង អោយក្រុម Crystal Palace មករួមក្រុមនៅរដូវកាលក្រោយ យោងតាមការចុះផ្សាយរបស់ English Newspaper The Mirror។ ខ្សែប្រយុទ្ធ Zaha វ័យ 25ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃខ្លួន 16.2 លានផោននៅក្នុងទីផ្សារទិញដូរកីឡាករ។

Zaha បានផ្ទេរត្រលប់មកលេងអោយក្រុម Man.united នៅឆ្នាំ2013 បន្ទាប់ពីចំណាយពេលលេងខ្ចីជើងអោយក្រុម Cardiff City និងក្រុម Crystal Palace ចំនួន 6ខែ និងផ្ទេរមកលេងជាលក្ខណៈអចិន្រ្តៃយ៏ ក្នុងតម្លៃខ្លួន 3.5លានផោននាឆ្នាំ2015 ក្នុងវ័យទើបតែ 20ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែកីឡាករ សញ្ចាតិកូឌីវ័ររូបនេះ មិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកនៅជំនាន់នោះទេ ព្រមជាមួយការបង្ហាញខ្លួនបានត្រឹមតែ 4ប្រកួត ក្នុងរយៈពេល 2រដូវកាល។

ក្រោយបង្ហាញទម្រង់លេងបានល្អជាមួយក្រុមស្ទាំងខៀវ Crystal Palace កន្លងមក មានពាក្យចចាមអារ៉ាម ថាក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏មួយមានដូចជាៈ Tottenham, Arsenal កំពុងត្រៀមបើកកិច្ចចរចានាំយក Zaha មករួមក្រុមផងដែរ។ សម្រាប់ការប្រកួតនៅសប្តាហ៏ទី18 កាលពីថ្ងៃសៅរ៏ សប្តាហ៏មុន Zaha បានជួយ Crystal Palace ផ្តួលក្រុមម្ចាស់ផ្ទះ Leicester City ដោយលទ្ធផល 3:0 និងនាំក្រុមឈានឡើងមកចំណាត់ថ្នាក់ទី14 នៅក្របខណ្ឌ Premier League ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda