ជំនួបខ្លាំងប៉ះខ្លាំងរវាងក្រុមយក្ស Real Madrid ប៉ះអ្នកមានបុណ្យ FC Barcelona ដែលត្រូវបានគេឲ្យឈ្មោះថា «El-Clasico» នោះ នឹងត្រូវបានធ្វើឡើងនៅរាត្រីម៉ោង ៧៖០០នាទីយប់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៧ ចុងសប្តាហ៍នេះហើយ (ម៉ោងនៅកម្ពុជា) ក្នុងទឹកដី Santiago Bernabeu របស់ Real។

នេះជាការជួបគ្នាក្នុងជើងទី១ នៃពានរង្វាន់លីគកំពូលអេស្ប៉ាញ La Liga រដូវកាលឆ្នាំ២០១៧-២០១៨ ក្រោយពេល ជួបគ្នាលើកចុងក្រោយនៅទឹកដីអាមេរិកកាលពីខែកក្កដា ឆ្នាំ២០១៧ នៃពានរង្វាន់មិត្តភាពអន្តរជាតិ ICC ក្រុម Barcelona បានយកឈ្នះ Real Madrid ៣-២ ដោយគ្មានវត្តមាន Cristiano Ronaldo។

ឆ្លងកាត់ ១៦សប្តាហ៍មកនេះ ក្រុមរបស់កីឡាករខ្សែប្រយុទ្ធ Lionel Messi បានកំពុងតែគ្រប់គ្រងកំពូលតារាងដោយ មាន ៤២ពិន្ទុកំពុងនាំមុខក្រុមការពារតំណែងជើងឯក Real Madrid ដែលកំពុងឈរនៅលេខ៤ ដល់ទៅ១១ពិន្ទុ តាមពីក្រោយដោយ Atletico Madrid មាន ៣៦ពិន្ទុ។

ក្រុមរងជើងឯក La Liga រដូវកាលមុន Barcelona មិនទាន់ចាញ់ឡើយនៅរដូវកាលនេះក្នុងចំណោម ១៦ប្រកួតនៅ លីគកំពូលអេស្ប៉ាញ ក្រៅពីស្មើ៣ និងឈ្នះ១៣ដង និងមិនចាញ់ដូចគ្នាក្នុងចំណោម ៦ប្រកួតនៅ UEFA Champions League អស់ណាស់ត្រឹមស្មើ ០-០ ពេលជួបក្រុម Juventus របស់អ៊ីតាលី ស្របពេលដែលគូប្រជែងស្តេចស Real Madrid ទើបតែបានជ័យ ជម្នះ៩ដង ស្មើ៤ និងចាញ់ ២ដង៕