Manchester City បាន​កក់​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន League Cup ក្រោយ​យក​ឈ្នះ​ Leicester City នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ការ​ប្រកួត​នៅ​ទឹកដី King Power កាល​ពី​យប់​មិញ​ក្រុម​ទាំង​ពីរ​បញ្ចប់​ការ​ប្រកួត​៩០​នាទី​ដោយ​លទ្ធផល​ ១​ទល់​នឹង​១ ក្នុង​នោះ​ក្រុម​ភ្ញៀវ​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​២៦​ ​ស៊ុត​បញ្ចូល​ទី​របស់​ Bernardo Silva ក្រោយ​ Gündogan ចោះ​បាល់​ឲ្យ​យ៉ាង​ស្អាត។

ដោយ​ឡែក​នៅ​វគ្គ​ទី​ពីរ​ រៀប​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ Walker ដែល​ប្ដូរ​ចូល​នៅ​នាទី​៨១​នោះ​បាន​ទៅ​រុញ Demarai Gray ដួល​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​បាល់​១១​ម៉ែត្រ​ហើយ​ Vardy ស៊ុត​ទម្លាយ​សំណាញ់​បាន​សម្រេច។

នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ភាគី​ទាំង​​សង​ខាង​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​​ទេ ហើយ​​វគ្គ​ទាត់​ប៉េណាល់ទី​ Man City ស៊ុត​ចូល​៤​គ្រាប់​ ខណៈ Leicester ស៊ុត​ចូល​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ដោយសារ​តារា​ឆ្នើម​ទាំង​ពីរ​ Vardy ស៊ុត​ចេញ​ក្រៅ​ ហើយ​​​ការ​ស៊ុត​របស់​ Mahrez ត្រូវ​ Bravo ចាប់​បាន​ ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ហាល​អាវ​ត្រឹម​វគ្គ​នេះ។

មួយ​គូ​ទៀត​ Arsenal ​យក​ឈ្នះ​ West Ham ១-០ បាន​កៅអី​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​គេ​ដែរ ជា​ថ្វី​ជើង​ស៊ុត​បញ្ចូល​ទី​របស់ Danny Welbeck៕