ខ្សែការពារ Javier Mascherano របស់ក្លិប Barcelona នឹងផ្ទេរទៅកាន់ក្លិបចិន Hebei China Fortune នៅខែមករា ក្នុងតម្លៃខ្លួន ១០លានអឺរ៉ូ(ស្មើនឹង១១,៨លានដុល្លារអាមេរិក )។

នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែតប្រចាំថ្ងៃ Sport ដែលមានមូលដ្ឋានក្នុងទីក្រុង Barcelona កាលពីថ្ងៃអង្គារ។ Mascherano វ័យ ៣៣ឆ្នាំ បានបង្ហាញខ្លួនត្រឹមតែ ១០លើកប៉ុណ្ណោះក្នុងរាល់យុទ្ធនាការទាំងអស់ នៅរដូវកាលនេះ ខណៈដែលរូបគេបានធ្លាក់ចេញពីជម្រើសទាំង ១១នាក់ដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ernesto Valverde និងបានអវត្តមានដោយសារតែបញ្ហារបួសសរសៃពួរគន្លាក់ជើង។

Sport បានចេញផ្សាយថា៖ «ក្លិប FC Barcelona និង Hebei Fortune បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ Javier Mascherano ដើម្បីផ្ទេរទៅកាន់ក្លិបក្របខ័ណ្ឌចិន Super League ក្នុងតម្លៃខ្លួន១០លានអឺរ៉ូ»។ កាសែតដដែលបានបញ្ជាក់ថា៖ «ប៉ុន្តែ ទោះបីជាយ៉ាងណា ការផ្ទេរនេះនឹងមិនត្រូវបានបំពេញជាផ្លូវការភ្លាមៗឡើយ លុះត្រាដែល Samuel Umtiti (ដែលមានរបួស) វិលទៅប្រកួតវិញបាន ឬក៏ខ្សែការពារថ្មីម្នាក់ត្រូវបានចុះហត្ថលេខា»។

ខ្សែការពារអន្តរជាតិកូឡុំប៊ី Yerry Mina របស់ក្លិប Palmeiras និងខ្សែការពារ Daley Blind របស់ក្លិប Manchester United សុទ្ធសឹងជាគោលដៅក្នុងការចូលជំនួសកន្លែងខ្សែការពារដែលពោរពេញដោយបទពិសោធរូបនេះ។ នេះបើយោងទៅតាម Sport។ ខ្សែការពារអន្តរជាតិបារាំង Umtiti ត្រូវបានរំពឹងទុកថា នឹងអវត្តមានរហូតដល់ចុងខែមករា ដោយសារតែបញ្ហារហែកសរសៃពួរគន្លាក់ជើង នៅពេលប្រកួតជាមួយនឹងក្រុម Celta Vigo កាលពីដើមខែនេះ៕