សម្រាប់ជាលើកទី១ ព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងកីឡាបាល់ទាត់អេស្ប៉ាញ ដែលគេហៅថា El Clasico រវាងក្រុមយក្ស Real Madrid និង Barcelona នឹងត្រូវរៀបចំឡើងនៅម៉ោងបាយថ្ងៃត្រង់ (ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧យប់នៅកម្ពុជា) នាថ្ងៃសៅរ៍នេះ ខណៈដែលក្របខ័ណ្ឌ La Liga សម្លឹងរកការដណ្តើមបានការចាប់អារម្មណ៍ពីអាស៊ី ក៏ដូចជាប្រាក់ចំណេញពីតំបន់នេះ។

លោក Joris Evers ប្រធានផ្នែកទំនាក់ទំនងនៃក្របខ័ណ្ឌ La Liga បានឲ្យដឹងថា៖ «យើងពិតជាចង់ផ្តល់ឲ្យអ្នកគាំទ្ររបស់យើងក្នុងតំបន់អាស៊ីនូវឱកាសក្នុងការទស្សនាការប្រកួតរវាងក្រុម Real Madrid និង Barcelona នៅពេលវេលាមួយដែលមានអត្ថប្រយោជន៍សម្រាប់ពួកគេ។ បើយោងទៅតាម La Liga ខណៈដែលទស្សនិកតាមទូរទស្សន៍រហូតដល់ទៅ ៦៥០លាននាក់ El Clasico គឺជាការប្រកួតកម្រិតក្លិបដែលមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក ដោយសារតែការប្រជុំដោយតារាឆ្នើម និងការប្រជែងគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនទសវត្សរ៍រវាងក្លិបទាំងពីរទាំងនៅលើ និងក្រៅទីលាន»។

ជាមួយគ្នានេះ វាក៏មានវប្បធម៌ផ្សេងគ្នារវាងក្លិបស្ថិតនៅតំបន់ Catalonia និង Madrid ផងដែរ។ លោក Jose Maria Gay de Liebana សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Barcelona និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុកីឡាបាល់ទាត់អេស្ប៉ាញ បានប្រាប់ថា៖ «ការប្រកួតដ៏ធំនេះ នឹងបង្ហាញដល់គ្រប់គ្នាពីកីឡាបាល់ទាត់របស់អេស្ប៉ាញ»។ វាមិនត្រឹមតែជាការផ្តោតលើប្រាក់ចំណូលដ៏ច្រើនពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍ដែលក្របខ័ណ្ឌ La Liga និងក្លិបយក្សទាំងអស់ នឹងទទួលបាននឹងចុងសប្តាហ៍នេះឡើយ ប៉ុន្តែការប្រកួតនេះក៏នឹងផ្តល់ចំណូលដ៏សន្ធឹកសន្ធាប់ពីការឧបត្ថម្ភផ្សេងៗផងដែរ៕

ប្រភព៖ worldsoccertalk