Tomas Rosicky អតីតខ្សែបម្រើរបស់ក្លិប Arsenal និងជាតារាឆ្នើមអន្តរជាតិឆែក បានបញ្ចប់អាជីពជាកីឡាកររបស់គេ កាលពីថ្ងៃពុធ ក្រោយពីការញាំញីដោយរបួសអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យអវត្តមានក្នុងការប្រកួតជារឿយៗ។

Rosicky វ័យ ៣៧ឆ្នាំ បានប្រកាសចូលនិវត្តន៍នៅឯក្លិប Sparta Prague ដែលជាកន្លែងរូបគេបានចាប់ផ្តើមអាជីពរបស់គេ នៅមុនពេលផ្ទេរទៅកាន់ក្លិប Borussia Dortmund កាលពីឆ្នាំ២០០១ និង Arsenal ក្នុងឆ្នាំ២០០៦។ រូបគេទើបតែបានវិលទៅកាន់ក្លិប Sparta ក្នុងឆ្នាំ២០១៦ប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ១២លើកគត់ ដោយសារតែបញ្ហារបួស។

រូបគេបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «រាងកាយរបស់ខ្ញុំបានប្រាប់ខ្ញុំជាយូរមកហើយថា វាមិនចង់លេងបន្តទៀតឡើយ។ ខ្ញុំប្រហែលជាមិនមានអ្វីផ្តល់ឲ្យសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ និងក្លិប Sparta ឡើយ»។ ខ្សែបម្រើប្រយុទ្ធរូបនេះ ដែលបានបង្ហាញខ្លួនជាអន្តរជាតិក្នុងវ័យ ១៩ឆ្នាំនោះ បានលេងឲ្យក្រុមជម្រើសជាតិឆែកចំនួន ១០៥លើក ដើម្បីធ្វើឲ្យគេក្លាយជាកីឡាករដែលបានបង្ហាញខ្លួនជាអន្តរជាតិច្រើនជាងគេបំផុតលំដាប់ទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

Rosicky បានឈ្នះពានក្របខ័ណ្ឌ Bundesliga ជាមួយនឹង Dortmund និងឈ្នះពាន FA Cup ២លើកជាមួយនឹងក្រុម Arsenal ដែលជាកន្លែងរូបគេបានបង្ហាញខ្លួន២៤៦លើក និងស៊ុតបាល់បញ្ចូលទីបាន២៨គ្រាប់។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំធ្លាប់បានស្ថិតក្នុងពេលវេលាដ៏អស្ចារ្យ ប៉ុន្តែ ជាអកុសល វាក៏មានភាពវិជ្ជមានមួយផងដែរ។ ខ្ញុំពិតជាចង់បន្តលេងរបស់ខ្ញុំណាស់»៕

ប្រភព៖ Reuters