ក្រុម Bristol City របស់ក្របខ័ណ្ឌ Championship បានទម្លាក់ក្រុមម្ចាស់ការពារតំណែងជើងឯក Manchester United ឲ្យធ្លាក់ចេញពីពាន League Cup កាលពីថ្ងៃពុធ តាមរយៈការរកគ្រាប់បាល់ឈ្នះនៅរយៈពេល ២វិនាទីចុងក្រោយដើម្បីកត់ត្រាជ័យជម្នះ ២-១ និងដើម្បីឈានទៅជួបក្រុម Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយមួយគូផ្សេងទៀត ក្រុមតោខៀវ Chelsea បានផ្តួលក្រុម Bournemouth ២-១ តាមរយៈគ្រាប់បាល់បញ្ចូលទីពីសំណាក់កីឡាករ Willian និង Alvaro Morata ដើម្បីឈានទៅជួបក្រុម Arsenal។

Man United ដែលកំពុងតែឈរក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌ Premier League នោះ បានធ្វើការផ្លាស់ប្តូរកីឡាករ ១០រូបពីក្រុមដែលបានទទួលជ័យជម្នះលើក្រុម West Brom កាលពីចុងសប្តាហ៍មុននេះ ប៉ុន្តែនៅតែប្រជុំដោយតារាឆ្នើមៗ ក្នុងរាប់បញ្ចូលទាំងខ្សែប្រយុទ្ធឆ្នើមទាំងបី Marcus Rashford, Zlatan Ibrahimovic និង Anthony Martial ផងដែរ នៅពេលប្រកួតជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២។

Man United ដែលខ្សែបម្រើ Paul Pogba បានវិលទៅចូលលេងវិញ ក្រោយពីជាប់ពិន័យព្យួរ ៣ប្រកួតនៅពេលប្រកួតជាមួយនឹងក្រុម Arsenal កាលពីដើមខែនោះ មានឱកាសស៊ុតបាល់ប៉ះរបារទី ២ដង ក្នុងតង់ទី១ ប៉ុន្តែ Bristol បានរក្សាការពារយ៉ាងរឹងមាំ។ Bristol ដែលបានទម្លាក់ក្រុមចំនួនបីរបស់ក្របខ័ណ្ឌ Premier League រួចជាស្រេចក្នុងពាន League Cup នៅរដូវកាលនេះ បានផ្តល់ការស្រឡាំងកាំងដល់ក្រុមភ្ញៀវតាមរយៈការរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតដោយកីឡាករ Korey Smith។ ខ្សែបម្រើ Smith បានឲ្យដឹងថា៖ «វាជារឿងដែលមិនគួរឲ្យជឿ ហើយខ្ញុំពិតជាមិនដឹងត្រូវនិយាយអ្វីឡើយ។ យើងលេងបានយ៉ាងល្អឥតខ្ចោះដូចដែលយើងបានធ្វើនៅរដូវកាលនេះ»៕

វីឌីអូហាយឡាយការប្រកួត

Bristol City vs Manchester United

Chelsea vs Bournemouth