សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោក Jose Mourinho នឹងមិនប្រឈមមុខនឹងការដាក់ទណ្ឌកម្មឡើយ ក្រោយពីការស៊ើបអង្កេតមួយទៅលើការបញ្ចេញមតិផ្សេងៗដែលរូបលោកបានធ្វើនៅមុនពេលការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester កាលពីពេលថ្មីៗនេះ។

FA បានបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តមិនធ្វើការ «ចាត់វិធាន» ជាផ្លូវការឡើយ ក្រោយពីការត្រួតពិនិត្យមើលភ័ស្តុតាងផ្សេងៗដែលត្រូវបានផ្តល់ដោយក្លិប Manchester United របស់លោក Mourinho ខណៈដែលពាក្យសម្តីរបស់លោកត្រូវបានគេយល់ឃើញថា ចង់សំដៅថា កីឡាករបស់ក្រុម Manchester City នឹងធ្វើឲ្យមានកំហុសផ្នែកបច្ចេកទេស ក្នុងការបំបែកការវាយសម្រុករបស់គូប្រកួត។ ប៉ុន្តែ ទោះបីជាយ៉ាងណា FA ក៏បានព្រមានដល់លោក Jose Mourinho ផងដែរថា ការបញ្ចេញមតិជាសាធារណៈណាមួយនាពេលខាងមុខ ពីមន្ត្រីប្រចាំការប្រកួត អាចនឹងធ្វើឲ្យលោករងនូវការចាត់វិធានការផ្នែកវិន័យ។

ការគេចផុតរបស់លោក Mourinho ពីការដាក់ទណ្ឌកម្មផ្នែកវិណ័យ កើតឡើង ក្រោយពី FA បានប្រកាសថា មិនមានការចាត់វិធានការជាផ្លូវការណាមួយត្រូវបានធ្វើឡើងប្រឆាំងនឹងក្រុម Man United ឬ Man City ឡើយ ក្រោយពីការផ្ទុះជម្លោះវាយតប់គ្នាដែលបានក្លាយជាពពកខ្មៅក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយនៅកីឡដ្ឋាន Old Trafford កាលពីដើមខែនេះ។ Man City បានផ្តួល Man United ២-១ ដើម្បីបន្ថែមការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League កាលីថ្ងៃទី១០ ខែធ្នូ។ ការអបអរជ័យជម្នះរបស់ក្រុមភ្ញៀវ ក្រោយពីការប្រកួតនេះ ត្រូវបានគេចោទប្រកាន់ថា បានបង្កឲ្យមានការផ្ទុះជម្លោះទាក់ទិននឹងកីឡាករ និងបុគ្គលិកពីក្រុមទាំង២ នៅច្រកផ្លូវខាងក្រៅបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់៕

ប្រភព៖ Worldsoccertalk