ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការហ្វឹកហាត់តែម្នាក់ឯង កាលពីថ្ងៃព្រហស្បតិ៍ នៅមុនពេលការប្រកួតរបស់ក្រុម Real Madrid ជាមួយនឹងក្រុម Barcelona នៅចុងសប្តាហ៍នេះ ក្រោយពីមានបញ្ហារបួសទៅលើសាច់ដុំកំភួនជើងរបស់គេ អំឡុងពេលនៃយុទ្ធនាការ Club World Cup ក្នុងទីក្រុងអាប៊ូដាប៊ី។

តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈដែលរូបគេបានរកគ្រាប់បាល់ឈ្នះក្នុងពេលក្រុមខ្លួនបានផ្តួលក្រុម Gremio របស់ប្រេស៊ីល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ Ronaldo បានបញ្ជាក់ថា រូបគេនឹងមានភាពរឹងមាំសម្រាប់ការប្រកួតជាមួយនឹងក្រុម Barcelona។ ក្នុងរយៈពេល២ថ្ងៃ មុនការប្រកួតដែលមានឈ្មោះថា El Clasico នៅថ្ងៃសៅរ៍នេះ នាកីឡដ្ឋាន Santiago Bernabeu ក្លិប Real បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា៖ «Cristiano Ronaldo បានធ្វើការហ្វឹកហាត់តែម្នាក់ឯងនៅលើទីលាន ទាំងគ្មាន និងមានបាល់»។

ក្រោយពីក្រុម Real វិលទៅកាន់អេស្ប៉ាញវិញ កីឡាករដែលឈ្នះពានបាល់មាស Ballon d’Or ៥សម័យកាលរូបនេះ នៅតែស្ថិតក្នុងក្លិបផ្នែកកាយសម្បទាកាលពីថ្ងៃអង្គារ និងថ្ងៃពុធ នៅមុនពេលធ្វើការហ្វឹកហាត់ជាលក្ខណៈឯកជនកាលពីថ្ងៃព្រហស្បតិ៍។ កាសែតកីឡារបស់អេស្ប៉ាញ As បានចេញផ្សាយថា វាគ្រាន់តែការប្រុងប្រយ័ត្នទុកមុនប៉ុណ្ណោះ ខណៈដែល Real សម្លឹងរកការកាត់បន្ថយពិន្ទុនាំមុខ ១១ពិន្ទុរវាងពួកគេ និងក្រុម Barcelona ដេលមិនស្គាល់ចាញ់សោះក្នុងក្របខ័ណ្ឌ La Liga នៅរដូវកាលនេះ។ កាសែតនេះ បានបញ្ជាក់ថា៖ «រូបគេនឹងលេងក្នុងការប្រកួត Clasico ប្រសិនបើមិនមានអ្វីភ្ញាក់ផ្អើលទេនោះ»៕

ប្រភព៖ FourFourTwo