លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងស្វាគមន៍កីឡាករចំណូលថ្មីនៅខែមករា ដើម្បីជួយពង្រឹងសមត្ថភាពក្រុមដែលត្រូវលេងទាំងក្នុងក្របខ័ណ្ឌលីកក្នុងស្រុក និងក្របខ័ណ្ឌកំពូលអឺរ៉ុប។

អ្នកចាត់ការទូទៅរូបនេះ បាននិយាយជារឿយៗពីផលលំបាកនៃការធ្វើឲ្យតុល្យភាព ស្របពេលមានការប្រកួតដ៏មមាញឹកជាមួយនឹងក្រុមដ៏តូចរបស់លោក។ លោក Conte ដែលបានដឹកនាំឲ្យក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននោះ បានឲ្យដឹងថា៖ «ប្រសិនបើអាចទៅរួច ក្នុងការពង្រឹងក្រុម វានឹងក្លាយជាជម្រើសដ៏ល្អមួយ»។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់បន្តថា៖ «ខ្ញុំត្រៀមលក្ខណៈរួចរាល់ក្នុងការបន្តការលេងជាមួយនឹងកីឡាករទាំងនេះ។ ពួកគេកំពុងតែបង្ហាញឲ្យខ្ញុំឃើញនូវការប្តេជ្ញាចិត្តដ៏អស្ចារ្យ និងឥរិយាបថដ៏គួរឲ្យសរសើរ។ ស្របពេលជាមួយគ្នានេះ ប្រសិនបើអាចទៅរួចក្នុងការពង្រឹងក្រុម ខ្ញុំគិតថាក្លិបនេះ នឹងព្យាយាមធ្វើបែបនេះ»។

Chelsea ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Premier League និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup ក៏ដូចជាក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយនោះ នឹងលេងដោយគ្មានខ្សែប្រយុទ្ធឆ្នើម Alvaro Morata នៅលើទឹកដីក្រុម Everton នៅថ្ងៃសៅរ៍នេះ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ដែលបានផ្ទេរមកពីក្លិប Real Madrid បានជាបពិន័យព្យួរ ក្រោយពីទទួលការពិន័យកាត់លឿងជាលើកទី៥របស់គេនៅរដូវកាលនេះ៕

ប្រភព៖ Daily Nations