អតីតអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Luiz Felipe Scolari ព្រមទទួលស្គាល់ថា មូលហេតុដែលក្រុមឈានទៅបញ្ចប់តំណែងរបស់លោកនាខែកុម្ភៈ ក្នុងរដូវកាលប្រកួត Premier League(2008-2009) នោះគឺបានកើតឡើងបណ្តាលមកពីជម្លោះ ដែលបង្កឡើងរវាងលោកនិងអតីតកូនក្រុមកីឡាករខ្សែប្រយុទ្ធ Nicolas Anelka។ មូលហេតុចម្បងនៃការមិនចុះសម្រុងគ្នា កើតមានឡើងនៅពេល ដែលរូបលោកព្យាយាមចង់អោយអតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនោះ អោយលេងចាប់ដៃគូគ្នានៅតំបន់ប្រយុទ្ធជាមួយអតីតកីឡាករ Didier Drogba ក្រោយពីសម្រាកពីការព្យាបាលរបួសរយៈពេល 2ខែ។

ក្រុម Chelsea បានធ្វើការចោតប្រកាន់រូបលោកថា៖ ភាសាអង់គ្លេសក្នុងការទំនាក់ទំនងកូនក្រុមគឺជាឧបសគ្គ និងភាពអវិជ្ជមានដែលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះមានបញ្ហាប្រឈមនៅកំលុងពេលនោះ។ ប៉ុន្តែលោក Scolari បានបញ្ជាក់ថា៖ ទំនាក់ទំនងរវាងលោក និងកីឡាករនៅក្នុងក្រុមគឺមានប្រសិទ្ធិភាពល្អធម្មតា ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺកំលុងពេលដែលខ្សែប្រយុទ្ធ Didier Dorgba បានរងរបួសនៅដើមរដូវកាល អ្នកចាត់ការទូទៅ Scolari បានដាក់អោយ Anelka លេងនៅតំបន់បម្រើ-ប្រយុទ្ធជំនួស ប៉ុន្តែបន្ទាប់ពី Drogba បានជាសះស្បើយពីរបួស អ្នកចាត់ការទូទៅលោក Scolari បានព្យាយាមចង់អោយអ្នកទាំងពីរបានលេងចាប់ដៃគូព្រមគ្នានៅតំបន់ប្រយុទ្ធទាំងពីរតែម្តង ហើយតម្រូវអោយ Anelka លេងនៅស្លាប ប៉ុន្តែការសម្រេចចិត្តរបស់លោកធ្វើអោយក្រុមមានការថ្នាំងថ្នាក់ចិត្តគ្នាទៅវិញ ខណៈរូបគេមិនព្រមលេង នៅ Role ដែលគ្រូបង្វឹកតម្រូវអោយនោះទេ។

អតីតគ្រូបង្វឹកដែលនាំក្រុមជម្រើសជាតិប្រេស៊ីលលើកពាន World Cup 2002 និងក្រុមជម្រើសជាតិព័រទុយហ្គាល់ទទួលបានជើងឯករង(Runner Up)Euro ឆ្នាំ2004 រូបនេះ បានបន្តថា​៖ ខ្ញុំបានចាកចេញពីក្រុមកំលុងពេលក្លឹបឈរនៅចំណាត់ថ្នាក់ទី3 នៅក្របខណ្ឌ Premier League ខណៈក្រុមបានប្រកួតនៅវគ្គ16ក្រុមចុងក្រោយ ដើម្បីដណ្តើមពានរង្វាន់Champion League ហើយ បរិយាកាសពេលនោះគឺអាក្រក់បំផុត ខ្ញុំមិនដឹងថានិងមានអ្វីកើតឡើងប្រសិនបើនៅតែបន្តការងារនោះ វាមានលក្ខណៈរំខាន និងមិនអាចគ្រប់គ្រងបាន ខ្ញុំពិតជាមានអារម្មណ៏សោកសៅ។