​​ការ​ប្រកួត​​​ TV5 Knock Out Series By Kcement​ ​នឹង​បើក​ការ​ប្រកួត​វគ្គ ៤​នាក់​ចុង​ក្រោយ​​ថ្ងៃ​សៅរ៍​ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ សប្ដាហ៍​នេះ​ ខណៈ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ​ទី​២៣ ខែ​ធ្នូ ជា​ជំនួប​​មិត្ត​ភាព​។

​សម្រាប់​លទ្ធផល​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន រឿម វណ្ណៈ បាន​យក​ឈ្នះ​ ភុន សោភ័ណ្ឌ ​ដោយ​ពិន្ទុ​​ ផាន់ ប៊ុនរ៉ុង យក​ឈ្នះ ឡុង ខេត្ត​ ជា​គូ​បើក​ឆាក ជា​មួយ​គ្នា​នោះ​ ប្រាក់ ស៊ីណាត ចាញ់​ពិន្ទុ​ សៅ ប៊ុន​ធឿន និង​ផុន ផាន់ណា ស្មើ​កីឡាករ​ថៃ Oreno ។ ​

ចំណែក​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​​ TV5 Knock Out Series By Kcement​ ដែល​មាន​ប្រាក់ ៤ ពាន់​ដុល្លារ​​បាន​រក​ឃើញ​បេក្ខភាព​ចំនួន ៤​រូប​ចុង​ក្រោយ​ហើយ​គឺ​មាន ​សៅ វណ្ណា, អ៊ុំ វណ្ណេត, គឹម វាសនា និង ង៉ែត្រ រដ្ឋា។

ការ​​ប្រកួត​ TV5 Boxing Knock Out Series នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ៥ ​មាន​កីឡាករ​ចូលរួម​ចំនួន​៣២​នាក់ ​ប្រកួត​ជម្រុះ​រហូត​ដល់​រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​តែ​ម្ដង​ ហើយ​ការ​ប្រកួត​នេះ​កីឡាករ​រូប​ណា​ចាញ់​ត្រូវ​ធ្លាក់​តែ​ម្ដង​ ដោយ​មិន​មាន​ប្រកួត​សន្សំ​ពិន្ទុ​នោះ​ទេ។​ ដោយ​ការ​ប្រកួត​ទៀត​សោត​ធ្វើ​ឡើង​ត្រឹម​៣ទឹក​ទេ។

សម្រាប់​អ្នក​ទទួល​បាន​លេខ​១​វិញ ​នឹង​ទទួល​បាន​ប្រាក់​៤​ពាន់​ដុល្លារ ​អម​ជាមួយ​ពាន​១ ​លេខ​២​ទទួល​បាន​២​ពាន់​ដុល្លារ ​លេខ​៣​ទទួល​បាន​៧៣០​ដុល្លារ ​និង​លេខ​៤​ទទួល​បាន​៥០០​ដុល្លារ៕​​


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​