អង្គការ​ផ្កាយ​សមុទ្រ ​បាន​បង្កើត​ពាន​រង្វាន់​បាល់ទាត់​មួយ​សម្រាប់​យុវជន​គ​ថ្លង់ ​និង​ខ្សោយ​សតិ​បញ្ញា ​ដែល​មាន​១៧​ក្រុម​ចូលរួម​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។

លោក យិន សាមឌី ​អ្នក​គ្រប់គ្រង​កម្មវិធី​បាល់ទាត់​ខាង​លើ​បាន​បញ្ជាក់​ថា​អង្គការ​របស់​លោក​បង្កើត​ពាន​រង្វាន់​នេះ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ឱ្យ​ក្មេង​ៗ​គ​ថ្លង់​ទាំង​អស់​បាន​សប្បាយ​រីករាយ និង​បាន​ចូល​រួម​ប្រកួត​បាល់ទាត់​ជាមួយ​ទីលាន​មួយ​ត្រឹម​ត្រូវ ក៏​ដូចជា​បាន​ជួប​ជុំ​គ្នា​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ការ​ប្រកួត​បាល់ទាត់​នេះ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​កុមារ​គ​ថ្លង់​ទាំង​អស់ ​ព្រោះ​វា​អាច​ពង្រឹង​សុខភាព​ពួកគេ ​ក៏​ដូច​ជា​បង្កើត​មិត្តភាព។

មួយ​វិញ​ទៀត ​មិន​ត្រឹម​តែ​យុវជន​គ​ថ្លង់​នោះ​ទេ ​ក្នុង​ចំណោម​១៧​ក្រុម​នេះ ​ក៏​មាន​ក្មេង​ៗ​ខ្សោយ​សតិ​បញ្ញា​ផង​ដែរ។ សម្រាប់​ក្មេង​ៗ​ខ្សោយ​សតិ​បញ្ញា​នេះ គឺ​មិន​មែន​ជា​ការ​ប្រកួត​គ្នា​អ្វី​ទេ ប៉ុន្តែ​ពួកគេ​មក​ដើម្បី​ចូល​រួម​ហ្វឹកហាត់​និង​បាន​ជួប​គ្នា ​បង្កើន​មិត្តភាព ​ប៉ុណ្ណោះ។ ការ​ប្រកួត​នេះ​ដែរ គឺ​មាន​ការ​គាំទ្រ​ពី​ខាង Football For Hope ​របស់ FIFA ​ហើយ​១​ឆ្នាំ​អង្គការ​បង្កើត​កម្មវិធី​ប្រកួត​២​ដង។

អង្គការ​ផ្កាយ​សមុទ្រ ​មាន​កីឡាករ កីឡា​ការិនី ​សរុប​ជា​ច្រើន​ពាក់​នាក់ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បូក​រួម​ទាំង​យុវជន​គ​ថ្លង់ ​យុវជន​ខ្សោយ​ប្រាជ្ញា ​និង​យុវជន​ផ្សេង​ៗ​ទៀត។ ដោយ​អង្គការ​បាន​រៀបចំ​ការ​ប្រកួត​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​ឱ្យ​ពួកគេ​បាន​ចូល​រួម​ប្រកួត​ប្រជែង និង​បង្កើន​អារម្មណ៍​សប្បាយ​រីករាយ៕


អត្ថបទ៖ មុន្នីរម្យ​