(ភ្នំពេញ)៖ កាលពីចុងសប្ដាហ៍កន្លងទៅ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន នៅពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោក តែម ម៉ឺន ប្រធានសហព័ន្ធ និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លៀតក្នុងឱកាសនោះ សហព័ន្ធបានធ្វើការបោះឆ្នោតជ្រើសរើសសមាជិកថ្មីម្នាក់ ដើម្បីជំនួសតំណែងលោក គឹម ឡាវី ដែលជាអតីតសមាជិក ហើយបានទទួលមរណភាពកាលពីពេលកន្លងទៅ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាក្បាច់គុនបុរាណខ្មែរមួយនេះឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការបោះឆ្នោតនេះ គឺមានបេក្ខជនឈរចំនួន ១០នាក់ ប៉ុន្ដែជាលទ្ធផលលោក ហេង សុឃន មកពីខេត្តស្វាយរៀង បានទទួលសំឡេងគាំទ្រច្រើនជាងគេ ១៨សំឡេង ដើម្បីក្លាយជាសមាជិកថ្មីរបស់សហព័ន្ធកីឡាគុនខ្មែរតែម្ដង។ ក្រោយទទួលបានតំណែងក្នុងសហព័ន្ធដ៏មានសក្ដានុពលមួយនេះ លោក ហេង សុឃន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមរាល់សកម្មភាពនានារបស់សហព័ន្ធ ដើម្បីជំរុញកីឡាគុនខ្មែរឲ្យកាន់តែរីកចម្រើន ពិសេសការកសាងនូវធនធានកីឡាករ-កីឡាការិនីត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ដ្បិតកន្លងមកលោកធ្លាប់បានឧបត្ថម្ភដល់សហព័ន្ធ និងកីឡាករ-កីឡាការិនីមួយចំនួន ដែលមានសមត្ថភាព និងស្នាដៃល្អក្នុងការប្រកួតរួចមកហើយ។

ជាមួយគ្នានោះលោក តែម ម៉ឺន បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រចម្បងៗ ៤ចំណុច សម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ ទី១-ត្រៀមសហការជាមួយសណ្ឋាគារ៉ូយ៉ាល់ភ្នំពេញ ក្នុងការទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរ, ទី២-លើកកម្ពស់ការបណ្ដុះបណ្ដាល សមត្ថភាព មន្ដ្រីបច្ចេកទេសគ្រូបង្វឹក ពិសេសគឺស្ដ្រី, ទី៣-ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសកម្មភាពតាមក្លឹប-សមាគម និងទី៤-សហការរៀបចំបង្កើតសាលាថ្នាលប្រដាល់គុនខ្មែរ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង និងការស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមជាដើម៕