គ្រូបង្វឹកក្រុមក្រសួងការពារជាតិ(ទ័ព) លោក ទេព ឡុងរចនា បានទម្លាយពីអាថ៌កំបាំងពិសេស ដែលក្រុមរបស់លោក អាចយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងរហូតដល់ ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លីកកំពូលកម្ពុជា ឆ្នាំ២០១៧ ដើម្បីបានឡើងទៅជួបក្រុមបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ ហើយចំណុចពិសេសនោះ មិនមែនមកពីក្រុមទ័ព លេងបានល្អជាងសព្វដងនោះទេ។
លោក ទេព ឡុងរចនា បានប្រាប់ថា៖«បើនិយាយពីកម្រិតលេង គឺក្រុមរបស់នៅក្រោមក្រុមស្វាយរៀង បន្តិច ហើយនេះជាមូលហេតុ ដែលយើងរៀបចំទម្រង់លេងបែបការពារច្រើន គឺយើងមិនអាចរៀបចំទម្រង់លេងវាយលុក ដើម្បីទប់ទល់ជាមួយក្រុមស្វាយរៀង បាននោះទេ»។
លោកបានបន្ថែមថា៖«ខ្ញុំបានសិក្សាស៊ីជម្រៅទៅលើបញ្ហានេះ ហើយមូលហេតុចម្បង ឬហៅថា ជាចំណុចបរាជ័យដ៏ធំរបស់ក្រុមស្វាយរៀងនោះ គឺមកពីក្រុមនេះផ្លាស់ប្តូរទម្រង់លេង ពីការលេងតាមបែបទប់ ហើយវាយបក ទៅជាការលេងបែបប្រយុទ្ធខ្លាំង ដល់អ៊ីចឹងទៅវាធ្វើឲ្យកីឡាករ error ព្រោះពួកគេមិនធ្លាប់លេងទម្រង់បែបនេះ ពីមុនមក»។
លោកបានបញ្ជាក់ថា៖«នៅពេលក្រុមស្វាយរៀង ចង់ឈ្នះយើងខ្លាំងពេក ដោយធ្វើការវាយលុកខ្លាំងនោះ វាធ្វើឲ្យតំបន់ការពាររបស់ក្រុមនេះ មានចន្លោះប្រហោង សម្រាប់ការវាយបករបស់យើង ហើយនេះជាចំណុចពិសេស ដែលធ្វើឲ្យការវាយបករបស់យើងមួយៗ ទទួលបានល្អ ជាងក្រុមស្វាយរៀង បើទោះបីជាការប្រកួតនេះ ស្វាយរៀង គ្រប់គ្រងបាល់បានច្រើនជាងយើងក៏ដោយ»។
តាមរយៈការប្រកួតនៅកីឡដ្ឋានស្វាយរៀង កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក្រុមទ័ព បានយកឈ្នះក្រុមស្វាយរៀង ៣-១ បើទោះបីជាពួកគេ ធ្លាប់ចាញ់ស្វាយរៀង ៣-២ ក្នុងជើងទី២ នៅកីឡដ្ឋានស្វាយរៀងនេះ ក៏ដោយ ខណៈជំនួបក្នុងជើងទី១ ក្រុមទាំង២នេះបានស្មើគ្នា ០-០។
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Kyong Hun រកបាន២គ្រាប់តែម្នាក់ឯង ឲ្យក្រុមទ័ព នៅនាទីទី៣៩ និងនាទីទី៤៨។ ប្រាក់ មុន្នីឧត្តម វាយបកបាន១គ្រាប់វិញឲ្យក្រុមស្វាយរៀង នៅនាទីទី៦៩ ប៉ុន្តែការបង្កើតកំហុសរបស់អ្នកចាំទី អាំ សុវណ្ណារ៉ាត់ នៅនាទីទីបន្ថែម៩០+៤ នាំឲ្យអាជ្ញាកណ្តាលពិន័យកាតលឿងដល់រូបគេ និងផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមទ័ព ហើយខ្សែប្រយុទ្ធ Choe Myong Ho ជាអ្នកធ្វើបានសម្រេច។
ជាមួយការឈ្នះក្រុមស្វាយរៀង ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានជួយឲ្យក្រុមទ័ព ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមបឹងកេត ដើម្បីប្រជែងគ្នាយកពាន ដោយការប្រកួតដ៏សំខាន់នេះ នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ខាងមុខនេះ៕