ក្រុម​ក្រសួង​ការពារ​ជាតិ ​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ដោយ​អាច​យក​ឈ្នះ​ក្រុម​ណាហ្គាវើល និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន ​នៅ​វគ្គ Play-off ​ឡើង​ទៅ​ប៉ះ​ក្រុម​បឹង​កេត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

តើ​អ្វី​ទៅ​ជា​ចំណុច​ពិសេស​របស់​ទ័ព ​ដែល​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​នៅ​កម្ពុជា​បាន​យ៉ាង​នេះ? ​លោក ភា សុភ័ត្រា ​គ្រូ​ជំនួយ​​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​បង្ហើប​៣​ចំណុច​នេះ៖

១. ធ្លាប់​ចាញ់ ដូចនេះ​ឈឺចាប់ ហើយ​ប្រឹង​កាន់​តែ​ខ្លាំង

កាល​លេង​សន្សំ​ពិន្ទុ ​ក្រុម​ក្រសួង​ការពារ​ជាតិ​សុទ្ធ​តែ​ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ណាហ្គាវើល ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ទាំង​អស់។ ដូច្នេះ​ហើយ​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ចង់​ឈ្នះ​វិញ ​ដើម្បី​ជា​ការ​សងសឹក​ក៏​ថា​បាន។

២. បន្សល់​ការ​សាមគ្គី និង​បង្កើន​ទ្វេ​ដង​បន្ទាប់​ពី​ប្រកួត​នៅ​ចិន

មុន​លេង​វគ្គ Play-off ​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នៅ​ប្រទេស​ចិន ​ដោយ​គ្រា​នោះ​ពួកគេ​បាន​ទៅ​ប្រកួត​ជា​ច្រើន​ប្រកួត​ជាមួយ​ក្រុម​ផ្សេង​ៗ ​ហើយ​លទ្ធផល​ក៏​ទទួល​បាន​ល្អ​ផង​ដែរ ​បើ​ទោះ​ជា​មិន​ឈ្នះ​ពាន​នៅ​ចិន​នោះ​ក៏​ដោយ។ កត្តា​នេះ​ហើយ ​ទើប​បាន​ជា​លោក ភា សុភ័ត្រា ​មើល​ឃើញ​ថា​វា​បាន​បន្សល់​ទុក​នៅ​ការ​សាមគ្គី​ជា​ក្រុម​បាន​ល្អ។

៣. ចំណុច​ខ្សោយ ឬ​ការ​បង្កើត​កំហុស (errors) ត្រូវ​បាន​កែ​តម្រូវ​យ៉ាង​គំហុក

ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​ពេល​ហ្វឹកហាត់​បាន​គ្រប់គ្រាន់ ​ជា​ពិសេស​បាន​ទៅ​លេង​ប្រកួត​មិត្តភាព​នៅ​ចិន​ថែម​ទៀត​នោះ បាន​ធ្វើ​ឱ្យ​ពួកគេ​​បាន​កែ​ប្រែ​នៅ​កំហុស​បាន​ច្រើន។ តួ​យ៉ាង​ដូចជា​ការ​លេង​បាត់​បាល់​នៅ​តំបន់​កណ្ដាល ក៏​ពួកគេ​បាន​កែប្រែ​រួច​រាល់​ហើយ​ដែរ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ជាមួយ​បឹង​កេត​បាន៕

អត្ថបទ៖ មុន្នីរម្យ