អត្តពលិកមកពីសមាគមក្រសួងមហាផ្ទែ បានប្រមូលមេដាយមាស ប្រាក់ និងសំរឹទ្ធ ស្ទើរតែទាំងអស់ ពីការប្រកួតវាយកូនឃ្លីលើតុ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ ប្រចាំឆ្នាំ២០១៧ បើទោះបីជាព្រឹត្តិការណ៍ថ្មីមួយនេះ មានក្លិប-សមាគមចូលរួមរហូតដល់១៣ ក៏ដោយ។

តាមរយៈការប្រកួតប្រជែងត្រឹម២ថ្ងៃ លើប្រភេទវិញ្ញាសាចំនួន៥ ដែលបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ក្រុមអត្តពលិកតំណាងឲ្យក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសគ្រប់វិញ្ញាសាទាំងអស់ គឺលើកលែងតែវិញ្ញាសាអាយុ៥០ឆ្នាំឡើង ដែលជាការប្រកួតរបស់មន្រ្តីកីឡា និងអតីតថ្នាក់ដឹកនាំកីឡា ហើយមិនត្រូវគេបានចាត់ចូលទៅក្នុងក្លិប ឬសមាគមណាមួយ ដោយក្នុងនោះ លោក សុខ ឆាយ ទទួលបានលេខ១ លោក មាស ណារឿន ជាប់លេខ២ ខណៈលេខ៣ស្ទួនបានទៅលោក សេង ស៊ុនណារ៉ុង និងលោក អ៊ុច វិសាល។

ដោយឡែក ការប្រកួតវិញ្ញាសាអាយុ៥០ឆ្នាំចុះ កីឡាករ សឺង តុលា របស់ក្រសួងមហាផ្ទៃ បានលេខ១ ក្រោយរូបគេ បន្តយកឈ្នះមិត្តរួមក្រុម ជា ធី នៅវគ្គផ្តាច់ព្រ័ត្រ ឯ ណៃ សារ៉ាវ៉ៃ របស់ក្រសួងមហាផ្ទៃ និង តាំង លីម៉េង មកពីក្លិបសន្ធរមុខថ្មី បានលេខ៣ស្ទួន។

ចំណែកការប្រកួតវាយគូ កីឡាករ សឺង តុលា និង សារៈ ស៊ូព្រីង របស់ក្រសួងមហាផ្ទៃ បានលេខ១ បន្ទាប់ពីអ្នកទាំង២ បានយកឈ្នះមិត្តរួមក្លិប ណៃ សារ៉ាវ៉ៃ និង ប៊ុន វិសាល នៅវគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករ ហួត សុវឌ្ឍនៈ និង មាស សារឿន របស់ក្លិប CT Sport ព្រមទាំងកីឡាករ អ៊ុំ ភិនពិទូ និង សោម សឿន ក្លិបកីឡាបឹងកក់ ទទួលបានលេខ៣ ស្ទួន។


សម្រាប់ការប្រកួតឯកត្តជននារី កីឡាការិនី ឡុងឌី អាន់ណា បានយកឈ្នះ ជៀង ស៊ុនហៀង នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាស ឯលេខ៣ស្ទួនបានទៅកីឡាការិនី សាង ចន្ធី និង ជឹម ស្រីណុន ដែលអ្នកទាំង៤ នេះ លេងតំណាងឲ្យក្រសួងមហាផ្ទៃ ដូចគ្នា។

ចំណែកការប្រកួតលើកទឹកចិត្ត លេខ១បានទៅកីឡាករ ឡាយ ភក្តី លេខ២ ណៃ សារ៉ាវ៉ៃ ដែលពួកគេលេងឲ្យក្រសួងមហាផ្ទៃ និងលេខ៣ស្ទួនបានទៅកីឡាករ ហួត សុវឌ្ឍនៈ របស់ក្លិប CT Sport និង អេង ហេងហៀង ក្លិបកំពង់សោម។

ទាក់ទងទៅនឹងការប្រកួតនេះ លោក ជា ប៊ុនហេង ប្រធានអង្គភាពក្រសួងមហាផ្ទៃ និងជាអ្នកផ្តួចផ្តើមរៀបចំឲ្យមានការប្រកួតនេះឡើង បានថ្លែងថា៖ «ការប្រកួតនេះ ជាព្រឹត្តិការណ៍លើកទី១ ដែលយើងសាកល្បងបង្កើតឲ្យមាន ព្រោះអង្គភាពក្រសួងមហាផ្ទៃ ដោយបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចក្រឡាហោម គឺយើងបានបង្កើតព្រឹត្តិការណ៍ប្រកួតជាច្រើន»។

លោកបានបន្ថែមថា៖«នៅក្នុងអង្គភាពក្រសួងមហាផ្ទៃ គឺយើងបានបង្កើតឲ្យមានកីឡាចម្រុះរហូតដល់២៦ប្រភេទកីឡា ក្នុងនោះក៏កីឡាវាយកូនឃ្លីលើតុនេះ ត្រូវបានដាក់បញ្ចូលក្រោយគេ ហើយតាមរយៈការប្រកួតនេះ យើងឃើញថា កីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃ ឈ្នះមេដាយបានច្រើនជាងគេ អ៊ីចឹងយើងនឹងខំប្រឹងរៀបចំឲ្យមានការប្រកួតលើប្រភេទកីឡាផ្សេងៗទៀត នៅឆ្នាំក្រោយ»៕