ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah បានឲ្យដឹងកាលពីថ្ងៃចន្ទថា រូបគេសង្ឃឹមថា គេអាចជួយឲ្យក្រុម Liverpool បញ្ចប់ការរង់ចាំរយៈពេល ៥ឆ្នាំសម្រាប់ការឈ្នះពានមួយ ក្រោយពីបានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះនៅឯកីឡដ្ឋាន Anfield។

តារាឆ្នើមវ័យ២៥ឆ្នាំរូបនេះ ដែលបានផ្ទេរមកពីក្លិបអ៊ីតាលី Roma ក្នុងពេលបិតរដូវកាលនោះ បានស៊ុតបាល់បញ្ចូលទី ២១គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់សម្រាប់ក្រុមរបស់លោក Jurgen Klopp និងកំពុងតែឈរនៅលើកំពូលតារាងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងរបស់ក្របខ័ណ្ឌ Premier League រួមជាមួយនឹងខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur។

Salah បានប្រាប់ទូរទស្សន៍ Sky Sports News ថា៖ «ខ្ញុំចង់ឈ្នះពាននៅទីនេះ ខ្ញុំបានមកទីនេះ ដើម្បីឈ្នះពាន ដើម្បីឈ្នះអ្វីមួយសម្រាប់ក្លិបនេះ សម្រាប់យើង សម្រាប់អ្នកគាំទ្ររបស់យើង»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំចង់ឈ្នះពាននៅទីនេះ។ យើងកំពុងតែខិតខំព្យាយាមយ៉ាងខ្លាំងជារៀងរាល់ថ្ងៃដើម្បីឈ្នះពាន។ ខ្ញុំប្រាកដចិត្តថា យើងនឹងឈ្នះពានមួយនៅឆ្នាំនេះ»។

Salah បានដើរតួនាទីដ៏សំខាន់ក្នុងតំបន់ប្រយុទ្ធទាំង ៤របស់ក្លិប Liverpool រួមជាមួយនឹងកីឡាករ Philippe Coutinho, Roberto Firmino និង Sadio Mane។ ក្រុមម្ចាស់ជើងឯកអឺរ៉ុប ៥សម័យកាលមួយនេះ ដែលមិនធ្លាប់បានឈ្នះពានសោះចាប់តាំងពីបានលើកពាន League Cup ឆ្នាំ២០១២នោះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League នៅមុនពេលការប្រកួតជាមួយនឹងក្រុម Swansea City នារាត្រីនេះ ហើយពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុម Porto ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅខែកុម្ភៈ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia