លោក Mauricio Pochettino បានបញ្ជាក់ថា ក្រុម Tottenham មិនត្រូវអនុញ្ញាតឲ្យខ្លួនពួកគេផ្ទាល់ ធ្លាក់ចូលក្នុងបញ្ហាដោយសារតែការមានទម្រង់លេងមិនទៀងទាត់របស់គូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកគេឡើយ ខណៈដែលពួកគេនឹងត្រូវពង្រឹងការប្រជែងរបស់ពួកគេសម្រាប់ចំណាត់ថ្នាក់កំពូលទាំង៤។

ក្រុមរបស់លោក Pochettino នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton នាកីឡដ្ឋាន Wembley ក្រោយពីការប្រកួតកាលពីចុងសប្តាហ៍មួយដែលបានពង្រឹងទីតាំងរបស់ពួកគេ។ ការដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Burnley បានធ្វើឲ្យក្រុម Spurs ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ Liverpool ១ពិន្ទុ ខណៈដែលក្រុមរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ជាមួយនឹងក្រុម Arsenal ហើយក្រុម Chelsea និង Manchester United សុទ្ធសឹងបានបញ្ចប់ក្នុងលទ្ធផលស្មើដូចគ្នា។

ការប្រជែងដណ្តើមចំណាត់ថ្នាក់លេខបន្ទាប់ក្រុមកំពុងនាំមុខ Manchester City ត្រូវបានរំពឹងទុកថា នឹងមានភាពស្វិតស្វាញ ហើយក្រោយពីជួបយុទ្ធនាការដ៏លំបាកមួយ លោក Pochettino សង្ឃឹមថា ក្រុមរបស់លោកអាចឈានទៅកាន់ឆ្នាំថ្មីជាមួយនឹងការវិលទៅរកផ្លូវនៃជ័យជម្នះជាប់ៗគ្នាវិញ។ លោក Pochettino បានឲ្យដឹងថា៖ «យើងមិនអាចគិតពីក្លិបផ្សេងឡើយ។ យើងត្រូវតែរក្សាភាពខ្លាង និងព្យាយាមដណ្តើមឲ្យបានជ័យជម្នះម្តងទៀត ក៏ដូចជាត្រូវតែរក្សាភាពរឹងមាំ។ ប្រសិនបើយើងចង់ប្រជែងយកលទ្ធផលធំៗ យើងត្រូវតែព្យាយាមរក្សាភាពរឹងមាំ»។ ដោយក្រុម Southampton បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Huddersfield កាលពីថ្ងៃសៅរ៍ ហើយពួកគេក៏មិនស្គាល់ឈ្នះផងដែរពីការប្រកួតក្រៅដី៥លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧:៣០យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia