ខ្សែបម្រើ Juan Mata របស់ក្លិប Manchester United បានទទួលស្គាល់ថា មិត្តរួមក្រុមរបស់គេ ពិតជាខឹងយ៉ាងខ្លាំង ក្រោយពីបានបាត់បង់២ពិន្ទុនៅលើទឹកដីក្រុម Leicester City ប៉ុន្តែ រូបគេសង្ឃឹមថា ពួកគេអាចធ្វើការផ្លាស់ប្តូរការខកចិត្តនោះទៅជាការឆ្លើយតបដ៏រឹងមាំមួយនៅពេលប្រកួតជាមួយនឹងក្រុម Burnley នៅរាត្រីនេះ។

ក្រុមរបស់លោក Jose Mourinho បានជួបភាពស្រឡាំងកាំងដោយសារតែគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់ក្រុមនៅសល់សមាជិកត្រឹមតែ ១០នាក់ Leicester ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ដែលបានធ្វើឲ្យក្រុម Man Utd ដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City រហូតដល់ទៅ ១៣ពិន្ទុនៅពាក់កណ្តាលផ្លូវនៃរដូវកាលនេះ។ លោក Mourinho បានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះការខ្ជះខ្ជាយឱកាសល្អៗជាច្រើន និងការធ្វើឲ្យកំហុសផ្សេងៗពីកីឡាកររបស់លោក ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើកាលពីថ្ងៃសៅរ៍។

ប៉ុន្តែ Mata ដែលបានរកគ្រាប់បាល់ទាំង ២គ្រាប់សម្រាប់ក្រុម Man United ក្នុងការបំពេញតួនាទីយ៉ាងល្អរបស់គេនោះ សង្ឃឹមថា ក្រុមរបស់គេ នឹងឆ្លើយតបជាវិជ្ជមានចំពោះការខកចិត្តដោយសារតែការប្រកួតនៅកីឡដ្ឋាន King Power។ Mata បានឲ្យដឹងថា៖ «អ្នកត្រូវតែរក្សាការឆ្ពោះទៅមុខជានិច្ច។ វាជាពេលវេលានៃបុណ្យណូអែល អ្នកត្រូវលេងការប្រកួត២ ឬ៣ថ្ងៃម្តង។ បច្ចុប្បន្ន យើងមានអារម្មណ៍ខកចិត្ត និងមានកំហឹង ប៉ុន្តែ យើងត្រូវតែរក្សាការឆ្ពោះទៅមុខ ហើយចាប់ពីថ្ងៃស្អែកនេះ យើងត្រូវសម្រាក និងគិតអំពីការប្រកួតបន្ទាប់ និងមានសុច្ឆន្ទៈក្នុងការបញ្ចប់ការប្រកួតបន្ទាប់ជាមួយនឹងអារម្មណ៍ដ៏ល្អប្រសើរ»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «យើងទទួលបាន១ពិន្ទុ ប៉ុន្តែ វាហាក់ដូចជាការបរាជ័យអ៊ីចឹង ពីព្រោះយើងស្ទើរតែដណ្តើមបានជ័យជម្នះទៅហើយ យើងមានឱកាសជាច្រើនដើម្បីបញ្ចប់ការប្រកួតនេះ ហើយពួកគេក៏មានកីឡាករតិចជាងផងដែរ»។

ដោយឡែក ក្រុម Burnley បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ នៅលើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Tottenham កាលពីថ្ងៃសៅរ៍។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia