ក្រោយ​ពី​វាយ​ដៃ​គូ​ឱ្យ​សន្លប់​ជា​ញឹកញាប់​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ធឿន ធារ៉ា ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន​ទាំង​នៅ​កម្ពុជា ​និង​ប្រទេស​ថៃ។

តួ​យ៉ាង​ដូចជា​ថ្ងៃ​ទី​៣១​ចុង​ឆ្នាំ​នេះ ​កីឡាករ​មាឌ​ធំ ​កែង​ល្អ ​ម្នាក់​នេះ​នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ​ក្នុង​គូ​ឯក​តែ​ម្ដង​នា​កម្ម​វិធី Max Muay Thai ​ដែល​ធ្វើ​ឡើង​នៅ​ ផាតាយ៉ា។ កីឡាករ​វ័យ​ក្មេង​រូប​នេះ ​បាន​ទៅ​ហាត់​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ ​និង​សាង​ភាព​ល្បីល្បាញ​របស់​ខ្លួន​នៅ​សង្វៀន Max Muay Thai ​តាំង​ពី​គូ​អម​ការ​ប្រកួត​រហូត​ដល់​គូ​ឯក​នេះ ​ដោយ​រាប់​ត្រួស​ៗ​ទៅ ​៥​ដង​កន្លង​មក​មិន​ទាន់​ស្គាល់​ទេ ពាក្យ​ថា​ចាញ់។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​អ្នក​ប្រដាល់​កាយ​សម្បទា​ល្អ​ម្នាក់​នេះ​បាន​យក​ឈ្នះ​លើ​សិស្ស​ច្បង​ល្បី​ខ្លាំង​នៅ​កម្ពុជា រឿង សោភ័ណ្ឌ ​បាន​ថែម​ទៀត​ផង​ពេល​ប្រកួត​កីឡា​ប្រដាល់​ថ្នាក់​ជាតិ​កន្លង​ទៅ។ លើស​ពី​នេះ​ទៅ​ទៀត ​រូបគេ​ក៏​ត្រូវ​បាន​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់ លោក តែម ម៉ឺន ​សរសើរ​ថា​ជា​អ្នក​ចម្បាំង​កម្ពុជា​មាន​គ្រប់​ក្បាច់ ល្អ​គ្រប់​គ្រឿង ​ជា​ទំពាំង​ល្អ​សម្រាប់​កម្ពុជា​នា​ពេល​អនាគត៕




អត្ថបទ៖ មុន្នីរម្យ