អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានកំនត់គោលដៅចង់បានកីឡាករវ័យក្មេង Leon Bailey របសស់ក្រុម Bayer Leverkusen នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ដើម្បីមកជំនួសតំណែង កីឡាករ Alexis Sanchez ស្របពេលក្រុម Chelsea និង Man.United ក៏ចាប់អារម្មណ៏ចង់បានកីឡាករ រូបនេះដូចគ្នាផងដែរ។ ក្រុមជើងឯក FA Cup បានបង្ហាញពីភាពលំបាករបស់ខ្លួនកាលពីដើមរដូវកាលដើម្បីរារាំងការចាកចេញ របស់តារាឆ្នើមរូបនេះ អោយបន្តនៅកីឡាដ្ឋាន Emirate Stadium បន្តទៀត ប៉ុន្តែក្តីសង្ឃឹមហាក់ដូចជាមិនមាន លេចចេញ ជាសញ្ញាវិជ្ជមានសម្រាប់ការចរចារអោយខ្សែប្រយុទ្ធក្រុមជម្រើសជាតិឈីលីរូបនេះ បន្តលេងអោយក្រុមបន្តទៀត ខណៈពេលទីផ្សារដោះដូរកីឡាករនឹងកាន់តែខិតជិតចូលមកដល់ហើយនោះ។

Arsenal’s Alexis Sanchez


ក្រុមកំពូលតារាង Man.City និងជាក្រុមនាំមុខ ដែលធ្លាប់បានតាមចែចូវចង់បាន Sanchez នាពេលកន្លងមករហូតដល់ ថ្ងៃបញ្ចប់នៃការទិញដូរកីឡាករមុនពេលចាប់ផ្តើមរដូវកាលថ្មីនេះ។ ប៉ុន្តែក្រុមមេឃខៀវនៅតែសង្ឃឹមថាអាចនាំកីឡាករវ័យ 29ឆ្នំារូបនេះ មកកាន់កីឡាដ្ឋាន Ethihad Stadium នាខែមករាខាងមុខផងដែរ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Star បានអោយដឹងថា៖ ក្រុម Arsenal បានត្រៀមដាក់សំណើរនាំយកខ្សែបម្រើស្លាប Bailey ដើម្បីយកមកជំនួសតំណែងរបស់ Sanchez ។

Bailey កីឡាករជម្រើសជាតិចាម៉ៃកា វ័យក្រោម23ឆ្នាំរូបនេះ បានចាកចេញពីក្រុម Genk នៅក្របខណ្ឌកំពូលបែលហ្សិកមកចូលរួមជាមួយក្រុម Bayern Leverkusen កាលពីដើមរដូវកាល(2017-2018)នេះ ស្របពេលបច្ចុប្បន្ននេះតម្លៃខ្លួនរបស់ Bailey មានចំនួន 35លានផោន។ សម្រាប់រដូវកាលដំបូងនៅក្របខណ្ឌ Bundeslia Bailey រកបានគ្រាប់បាល់ 8គ្រាប់ សម្រាប់ ការបង្ហាញខ្លួន 16ប្រកួតកន្លងមក។