ក្រុម Manchester United បានធ្វើការវាយបកពីការដេញតាមពីក្រោយ ២គ្រាប់ ដើម្បីសង្គ្រោះបានលទ្ធផលស្មើ ២-២ នៅពេលប្រកួតជាមួយនឹងក្រុម Burnley ក្រោយពីខ្សែបម្រើ Jesse Lingard បានស៊ុតបាល់បញ្ចូលទី ២គ្រាប់។

ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham បានបំបែកកំណត់ត្រារបស់ក្របខ័ណ្ឌ Premier League តាមរយៈការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងពេលក្រុមខ្លួនលត់ក្រុម Southampton យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ កាលពីថ្ងៃអង្គារ។

ស្របពេលដែលក្រុម Manchester City នឹងមិនលេងរហូតដល់ថ្ងៃពុធ នៅលើទឹកដីក្រុម Newcastle ក្រុម Man United បច្ចុប្បន្នមាន ១២ពិន្ទុតាមពីក្រោយក្រុមកំពុងតែនាំមុខមួយនេះ។ កីឡាករ Ashley Barnes បានជួយឲ្យក្រុម Burnley ចាប់ផ្តើមយ៉ាងល្អ នៅត្រឹមនាទីទី៣ នៅពេលដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទី ក្រោយពីការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Johann Berg Gudmundsson។

Burnley មិនធ្លាប់បានឈ្នះសោះនៅកីឡដ្ឋាន Old Trafford បើគិតចាប់តាំងពីឆ្នាំ១៩៦២ ពោលគឺរយៈពេល ៤ខែ មុនពេលលោកគ្រូបង្វឹក Jose Mourinho កើតទៅទៀត ប៉ុន្តែពួកគេបានរកគ្រាប់បាល់បញ្ចូលទីម្តងទៀតនៅនាទីទី៣៦។ ទោះបីជាយ៉ាងណា Lingard បានសង្គ្រោះការភិតភ័យផ្សេងៗ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់នៅដើមតង់ទី២ និងនៅជិតបញ្ចប់ការប្រកួត។

លោក Mourinho បានឲ្យដឹងថា៖ «លទ្ធផលចុងក្រោយនៃការគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងជាមួយនឹងការរកបាន ២គ្រាប់ គឺជាតួលេខដ៏វេទនា។ កីឡាករបានខិតខំព្យាយាមក្នុងពេលដេញតាមពីក្រោយ ២-០ ហេតុនេះ គ្មានអ្វីជាអវិជ្ជមានក្នុងការរិះគន់ទៅលើពួកគេឡើយ។ ខ្ញុំសូមកោតសរសើរស្មារតីរបស់ពួកគេ។ យើងគួរតែដណ្តើមបានជ័យជម្នះ»។ នៅកីឡដ្ឋាន Wembley ឯនោះវិញ Kane បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការរកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងក្របខ័ណ្ឌ Premier League តាមរយៈការរកបាន៣៩គ្រាប់ក្នុងរយៈពេល១២ខែ៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម

Man United vs Burnley

Tottenham vs Southampton