លោក Arsene Wenger ដឹងយ៉ាងច្បាស់ថា ក្រុមកាំភ្លើងធំ Arsenal មិនអាចបង្កើតឲ្យមានការភ្លាត់ស្នៀតម្តងទៀតដូចក្នុងពេលការធ្វើដំណើរជាលើកចុងក្រោយរបស់ពួកគេទៅកាន់កីឡដ្ឋាន Selhurst Park ឡើយ នៅពេលដែលពួកគេត្រូវប៉ះជាមួយនឹងក្រុម Crystal Palace នារាត្រីនេះ។ ក្រុមកាំភ្លើងធំ ពិតជាមានប្រៀបដោយសារតែមានពេលសម្រាកបានយូរជាងគេបើធៀបទៅនឹងគូប្រជែងរបស់ខ្លួនដែលកំពុងតែប្រកួតយកដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤ ហើយពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុម Crystal Palace ក្នុងចន្លោះពេល៦ថ្ងៃ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុម Liverpool ដើម្បីចាប់ផ្តើមកម្មវិធីប្រកួតដ៏មមាញឹកនៅថ្ងៃវិស្សមកាល។
ប៉ុន្តែ ស្របពេលជាមួយគ្នានេះ ពួកគេក៏បានមើលឃើញផងដែរថា ក្រុម Liverpool, Tottenham និង Chelsea សុទ្ធសឹងដណ្តើមបានជ័យជម្នះដើម្បីរក្សាការប្រជែងរបស់ពួកគេសម្រាប់កៅអីមួយក្នុងក្របខ័ណ្ឌ Champions League។ នោះមានន័យថា ក្រុមរបស់លោក Wenger នឹងត្រូវប៉ះជាមួយនឹងក្រុម Crystal Palace ដោយដឹងថា ពួកគេនឹងប្រឈមមុខនឹងការដេញតាមពីក្រោយកាន់តែឆ្ងាយ ប្រសិនបើពួកគេមិនអាចដណ្តើមឲ្យបាន៣ពិន្ទុ។ នោះគឺជាការងារមួយដែលហួសពីសមត្ថភាពរបស់ពួកគេរួចជាស្រេច នៅពេលដែលពួកគេបានជួបជាមួយនឹងក្រុម Crystal Palace កាលពីខែមេសា កន្លងទៅ និងបានបង្ហាញពីទម្រង់លេងដ៏អន់បំផុតនៃរដូវកាលនេះ មុននឹងពួកគេបានចាញ់ក្នុងលទ្ធផល ៣-០។
ក្នុងពេលនោះ ក្រុម Crystal Palace បានស្ថិតក្នុងការប្រជែងដើម្បីគេចឲ្យផុតពីតំបន់កាត់ចោល ហើយពួកគេបានសម្រេចគោលដៅរបស់ពួកគេ ខណៈដែលក្រុម Arsenal បានបរាជ័យក្នុងការខិតខំរបស់ពួកគេក្នុងការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤ និងមិនអាចឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១ក្រោមការដឹកនាំរបស់លោក Wenger។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕
ប្រភព៖ Worldsoccertalk