ក្រុមធ្លាក់ទម្រង់លេង Everton និង Arsenal នឹងសម្លឹងរកការបង្កើតឲ្យមានការជឿជាក់ក្នុងពេលជួបក្រុម Lyon និង Crvena Zvezda ក្នុងការប្រកួតក្របខ័ណ្ឌ Europa League រៀងៗខ្លួននៅរាត្រីនេះ ក្រោយពីបានជួបការខកចិត្តដូចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍ថ្មីៗនេះ។

ក្រុម Everton នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើ ១-១ នៅលើទឹកដីក្រុម Brighton ខណៈដែល Arsenal បានរងបរាជ័យយ៉ាងអាម៉ាស់ នៅលើទឹកដីក្រុម Watford ក្នុងលទ្ធផល ២-១។

Everton មានត្រឹមតែ១ពិន្ទុគត់ពីការប្រកួតបើកឆាកទាំង ២លើករបស់ខ្លួនក្នុងពូល E ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Atalanta ក្នុងប្រទេសអ៊ីតាលី និងបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ លើទឹកដីខ្លួនឯងពេលជួបក្រុម Apollon Limassol របស់ស៊ីប កាលពីខែមុន។ ក្នុងរយៈពេល២ខែចុងក្រោយនេះ Everton ដណ្តើមបានជ័យជម្នះតែ ២លើកគត់តាមរយៈការយកឈ្នះលើក្រុម Sunderland ក្នុងពាន League Cup និងផ្តួលក្រុម Bournemouth។

ខ្សែបម្រើឆ្នើម Gylfi Sigurdsson ដែលបានចូលរួមជាមួយ Everton ក្នុងតម្លៃខ្លួន ៤៥លានផោន (ស្មើនឹង៥៨លានដុល្លារអាមេរិក) នោះ បានឲ្យដឹងថា៖ «យើងត្រូវតែដណ្តើមឲ្យបានលទ្ធផលល្អ ហើយនៅពេលដែលយើងធ្វើបាន ការជឿជាក់នឹងវិលទៅកាន់ក្រុមនេះវិញ ហើយអ្វីៗនឹងកាន់តែងាយស្រួលសម្រាប់យើង»។

ក្រុម Lyon នឹងធ្វើដំណើរទៅកាន់អង់គ្លេស ក្រោយពីមិនបានស្គាល់ជ័យជម្នះដូចគ្នាក្នុងយុទ្ធនាការមកទល់ពេលនេះ ប៉ុន្តែ ក្រុមរបស់លោក Bruno Genesio ទើបតែបានផ្តួលក្រុម Monaco ៣-២ កាលពីចុងសប្តាហ៍ថ្មីនេះ ដោយប្រធានក្រុម Nabil Fekir រកបាន ៣គ្រាប់តែម្នាក់ឯង។

ស្របពេលជាមួយគ្នានេះ ក្រុម Arsenal បានធ្វើល្អប្រសើរជាង Everton ក្នុងយុទ្ធនាការមកទល់ពេលនេះ តាមរយៈការយកឈ្នះទាំងលើក្រុម Cologne និង BATE Borisov ក្នុងការប្រកួតពូល H។ បច្ចុប្បន្នលោក Arsene Wenger នឹងត្រូវដឹកនាំក្រុមរបស់លោកទៅកាន់ប្រទេសស៊ែប៊ី ដើម្បីជួបជាមួយនឹងអតីតក្រុមម្ចាស់ជើងឯកនៃពាន European Cup គឺ Red Star Belgrade ដែលនឹងឡើងឈរពីលើក្រុមកាំភ្លើងធំមួយនេះនៅលើកំពូលតារាងនៃពូល ប្រសិនបើ ទទួលជ័យជម្នះ។

Arsenal នឹងចាប់ផ្តើមការប្រកួតនៅម៉ោង ១២រំលងអធ្រាត្រ ខណៈដែល Everton នឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport24