បរទេស៖ ខ្សែការពារ Oleksandr Zinchenko នឹងត្រូវពិនិត្យសុខភាពនៅសប្តាហ៍នេះ ដើម្បីបំពេញការផ្ទេរក្នុងតម្លៃខ្លួន៣០លានផោន (ស្មើនឹង៣៦លានដុល្លារអាមេរិក) ពីក្លិប Manchester City ទៅកាន់ក្លិប Arsenal ក្រោយពីយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន លើកិច្ចសន្យារហូតដល់ឆ្នាំ២០២៦។
ក្លិបទាំង២ បានឈានដល់ការព្រមព្រៀងលើតម្លៃខ្លួនកាលពីថ្ងៃសុក្រ សប្តាហ៍មុន ហើយការពិភាក្សានានាជាមួយនឹងកីឡាកររូបនេះ ត្រូវបានបំពេញ កាលពីថ្ងៃចន្ទ។ ខ្សែការពារអន្តរជាតិអ៊ុយក្រែនរូបនេះ ចង់ធ្វើការម្តងទៀតក្រោមការដឹកនាំរបស់លោក Mikel Arteta ក្រោយពីអ្នកចាត់ការទូទៅរបស់ក្លិប Arsenal រូបនេះ ធ្លាប់បានធ្វើការជាមួយរូបគេនៅក្លិប Man City ក្នុងនាមជាគ្រូបង្វឹកជំនួយរបស់លោក Pep Guardiola។
Man City កំពុងតែដាក់សំណើដេញថ្លៃទិញខ្សែការពារ Marc Cucurella របស់ក្លិប Brighton ខណៈដែលកីឡាកររូបនេះគឺជាគោលដៅចម្បងរបស់លោក Guardiola។ Zinchenko ជាទូទៅត្រូវបាន Man City ប្រើប្រាស់ជាខ្សែការពារស្លាបឆ្វេង ប៉ុន្តែ ក៏អាចលេងក្នុងតួនាទីផ្សេងបានផងដែរ ដូចជា ខ្សែបម្រើកណ្តាលជាដើម។ រូបគេត្រៀមខ្លួនរួចរាល់ ដើម្បីក្លាយជាកីឡាករចំណូលថ្មីទី២របស់លោក Arteta ពីក្លិប Man City នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus៕
ប្រភពព័ត៌មាន៖ The Guardian