បរទេស៖ ក្លិបកាំភ្លើងធំ Arsenal បានដាក់សំណើដេញថ្លៃទិញតារាឆ្នើម Raphinha ពីក្លិប Leeds United។ វាត្រូវបានគេយល់ឃើញថា នេះគឺជាសំណើផ្លូវការទី១ដែលក្លិប Leeds ទទួលបានសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ ដែលបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។
ប៉ុន្តែ ទោះបីជាយ៉ាងណា ប្រភពជាច្រើន បានបញ្ជាក់ថា សំណើនេះ មានតម្លៃខ្លួនតិចជាងចំនួនកំណត់ឆ្ងាយណាស់ ហើយវាច្បាស់ណាស់ថា សំណើនេះនឹងត្រូវគេច្រានចោល។ គេទំពឹងទុកថា Raphinha ចង់ផ្ទេរទៅកាន់ក្លិប Barcelona ច្រើនជាង ប្រសិនបើមានការផ្តល់តម្លៃខ្លួនដែលសមស្រប ប៉ុន្តែ វាមិនទាន់ច្បាស់ថា តើក្លិបយក្សអេស្ប៉ាញមួយនេះ នឹងមានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទិញ ឬអត់។ រូបគេបានស៊ុតបាល់បញ្ចូលទី១៧គ្រាប់ ក្នុងការបង្ហាញខ្លួន៦០លើកនៃក្របខ័ណ្ឌ Premier League សម្រាប់ Leeds United ដែលចង់រក្សាទុកកីឡាកររបស់ខ្លួន។
Raphinha វ័យ២៥ឆ្នាំ ដែលបានចូលរួមជាមួយនឹងក្លិប Leeds ពីក្លិប Rennes ក្នុងតម្លៃខ្លួន១៧លានផោនកាលពីឆ្នាំ២០២០ បានស្ថិតក្នុងការចាប់អារម្មណ៍ពីក្លិបជាច្រើន ក្នុងក្របខ័ណ្ឌ Premier League និងស្ថិតនៅក្រៅប្រទេសអង់គ្លេស៕
ប្រភពព័ត៌មាន៖ BBC