បរទេស៖ ក្លិប​កាំភ្លើង​ធំ Arsenal កាលពីថ្ងៃចន្ទ បានប្រកាស​ពីការខាត​ប្រាក់​ជា​កំណត់ត្រា​រហូត​ដល់​ទៅ​ ១០៧,៣លានផោន (ស្មើនឹង​១៤៣លានដុល្លារ​អាមេរិក) សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ ដែល​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១​​​។

ក្រោយពីខាត​​បង់​តិច​ជាង​៥០លាន​ផោន នៅ​ក្នុងឆ្នាំ​២០២០ ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយនេះ បាន​រង​នូវ​ខាតប្រាក់​បន្ទាប់​ពី​កាត់​ពន្ធ​ដ៏ច្រើន​បំផុត​មិនធ្លាប់​មាន​ពីមុនមក ក្នុង​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ចុងក្រោយ​បំផុត​របស់​ពួក​គេ​។ ទឹកប្រាក់​ប្រមាណ​ជា​៨៥លានផោន ក្នុង​ចំណោម​ប្រាក់ដែល​ខាត​នោះ ត្រូ​វបាន​គេ​ដាក់​ការ​ស្តីបន្ទោស​ទៅលើ​ការ​ឆ្លង​រាត​ត្បាត​នៃ​វីរុសកូវីដ ១៩ ស្រប​ពេល​ដែលក្លិប Arsenal បាន​លេង​ការ​ប្រកួត​តែ​២​លើកគត់ ពី​មុខ​អ្នក​គាំទ្រ​ដែល​ទស្ស​នា​ដោយផ្ទាល់ នាកីឡដ្ឋាន Emirates អំឡុង​រដូវកាល​ឆ្នាំ​២០២០-២០២១​។

ក្លិប Arsenal បាន​ឲ្យដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «លទ្ធផល​នៃ​ឆ្នាំ​សារពើ​ពន្ធ បាន​រង​នូវ​ផល​ប៉ះ​ពាល់​មួយផ្នែក​ធំ​ដោយ​សារ​តែ​ការ​ឆ្លង​រាត​ត្បាត​របស់​វីរុសកូរ៉ូណា ដែល​បាន​ធ្វើ​ឲ្យ​ការ​ប្រកួតភាគ​ច្រើន​ក្នុង​រដូវ​កាលឆ្នាំ​២០២០-២០២១ ត្រូវ​លេង​ក្នុង​កីឡដ្ឋាន​ដែលគ្មាន​អ្នក​ទស្សនា​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia