Cristiano Ronaldo បានជួយឧបត្តម្ភទឹកប្រាក់ក្នុងការសាងសង់មន្ទីរពេទ្យដើម្បីព្យាបាលជំងឺ កុមារនៅទីក្រុង Santiago ប្រទេសឈីលី ហើយគម្រោងនេះនិងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ 2020 ខាងមុខនេះ។ កំពូលខ្សែប្រយុទ្ធម្ចាស់ពានបាល់មាស5សម័យរូបនេះ មានប្រាក់ពលកម្ម 450000ផោន/សប្តាហ៏ សម្រាប់ការលេងអោយក្រុមស្តេចស Real Madrid ត្រូវបានទទួលស្គាល់ ជាសកលក្នុងពិភពបាល់ទាត់ថាជាអត្តពលិកដែលមានសមានចិត្តល្អ និងចូលចិត្តធ្វើការងារបរិច្ចាគជានិច្ចជាកាលកន្លងមក។

សកម្មភាពគម្រោងសាងសង់មន្ទីរពេទ្យដើម្បីមនុស្សធម៌នេះត្រូវបានអោយដឹងថា Ronaldo បានចូលរួមសហការគ្នាជាមួយអ្នកជំនួញសញ្ជាតិអ៊ីតាលីគឺលោក Alessandro Proto បន្ទាប់ពី Ronaldo ដែលជាអ្នកផ្តួចផ្តើមគំនិត ទើបនិងបានឈ្នះពានThe Best FIFA Award កាលពីពេលថ្មីៗនេះ។ Ronaldo ក៏ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការ Save the Children, Unicef និង World Vision ដែលតែងតែផ្តល់ការឧបត្តម្ភជួយដល់អង្គការលំដាប់ពិភពលោកទាំងបីខាងលើជាដរាប។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ32 ឆ្នាំរូបនេះ ធ្លាប់បានធ្វើការបរិច្ចាគឈាមដើម្បីជួយព្យាបាល ជម្ងឺខួរឆ្អឺង និងធ្វើការផ្លាស់ប្តូរកោសិការដល់កូនប្រុសអតីតមិត្តរួមក្រុមកីឡាករ Carlo Martin កាលពីឆ្នាំ2011 ។ Ronaldo ក៏បានបរិច្ចាគជាទឹកប្រាក់ចំនួន 120000ផោន ដល់គ្លីនិកមួយដែលបានជួយព្យាបាល ជម្ងឺមហារីកដោះដល់ម្តាយរបស់ខ្លួនគឺលោកស្រ្តី Dolores Aveiroa អោយរស់រានមានជីវិត 10ឆ្នាំកន្លងមកនេះ ផងដែរ។