ក្រុម Manchester City កំពុងតែមានបំណងក្នុងការបន្តទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ពួកគេ នៅពេលដែលក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley នៅថ្ងៃសៅរ៍នេះ។ ក្រុមរបស់លោក Pep Guardiola កំពុងតែនាំមុខ ២ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester United ស្របពេលដែលពួកគេកំពុងតែប្រមាញ់ពានរបស់អង់គ្លេសជាលើកទី១បើគិតចាប់តាំងពីឆ្នាំ២០១៤។

ស្របពេលដែល Man City កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងមុតស្រួចក្នុងតំបន់ប្រយុទ្ធ ក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea កំពុងតែត្រដាបត្រដួស និងដេញតាមពីក្រោយក្រុមនៅលើកំពូលតារាងដល់ទៅ ៩ពិន្ទុ នៅមុនពេលពួកគេត្រូវប៉ះជាមួយនឹងក្រុម Watford។ ក្រោមជំនួយដ៏ធំធេងពីសំណាក់តារាឆ្នើម Kevin de Bruyne ក្រុម Man City បានគ្រប់គ្រងក្នុងការប្រកួតក្របខ័ណ្ឌ Premier League យ៉ាងរឹងមាំ ហើយ Burnley អាចនឹងក្លាយជាជនរងគ្រោះបន្ទាប់របស់ពួកគេ។

ការទទួលជ័យជម្នះ ៧-២ របស់ក្រុម Man City កាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យពួកគេក្លាយជាក្រុមអង់គ្លេសទី១ ក្នុងក្របខ័ណ្ឌកំពូល ក្នុងការស៊ុតបាល់បញ្ចូលទីបាន ២៩គ្រាប់ក្នុងការប្រកួត ៨លើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីក្រុម Everton ធ្វើបានកាលពីរដូវកាលឆ្នាំ១៨៩៤-១៨៩៥។ De Bruyne គឺជាសមាជិកដ៏សំខាន់ក្នុងការជួយដល់តំបន់ប្រយុទ្ធរបស់ Man City ខណៈដែលការជួយឲ្យមិត្តរួមក្រុមរកបាន ៣២គ្រាប់របស់ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិករូបនេះ គឺជាចំនួនដ៏ច្រើនបំផុតដែលធ្វើបានសម្រេចដោយកីឡាកររបស់ក្របខ័ណ្ឌ Premier League ម្នាក់ក្នុងពេលវេលាដូចគ្នានេះ បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥។ ក្រោមជំនួយពីសំណាក់តារាឆ្នើមជាច្រើនទៀតដូចជា Leroy Sane, Gabriel Jesus, Sergio Aguero និង Raheem Sterling ក្រុម Man City ពិតជាមុតស្រួចក្នុងតំបន់ប្រយុទ្ធ។

ស្របពេលជាមួយគ្នានេះ ក្រុម Chelsea កំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការដេញតាមពីក្រោយក្រុមកំពូលតារាងកាន់តែឆ្ងាយ ខណៈដែលបញ្ហារបួសកីឡាកររបស់ពួកគេកាន់តែកើនឡើង ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត ៣លើកចុងក្រោយរបស់ពួកគេក្នុងរាល់យុទ្ធនាការទាំងអស់។ ក្រោយពីបានអវត្តមាន N’Golo Kante, Victor Moses និង Danny Drinkwater រួចជាស្រេច ដោយសារតែបញ្ហារបួស លោក Antonio Conte គ្រូបង្វឹករបស់ Chelsea អាចនឹងអវត្តមាន David Luiz, Tiemoue Bakayoko និង Gary Cahill ដែលសុទ្ធសឹងមានបញ្ហារបួសក្នុងពេលប្រកួតជាមួយនឹងក្រុម Roma កាលពីថ្ងៃពុធ។ Chelsea នឹងចាប់ផ្តើមប្រកួតនៅម៉ោង៦:៣០ល្ងាច ខណៈដែល Man City នឹងចាប់ផ្តើមប្រកួតនៅម៉ោង៩យប់៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Worldsoccertalk