ក្រោយពីទទួលបានការជឿជាក់តាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid កាលពីថ្ងៃពុធ ក្រុម Tottenham Hotspur នឹងសម្លឹងរកការផ្តល់ការខកចិត្តដល់ក្រុម Liverpool នៅថ្ងៃអាទិត្យនេះ បើទោះបីពួកគេបានផ្តួលក្រុម Maribor យ៉ាងចាស់ដៃក៏ដោយ។

ការបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំក្នុងពេលប្រកួតជាមួយនឹងក្រុម Real Madrid បានបង្ហាញថា ក្រុម Tottenham ពិតជាស័ក្តិសមក្នុងការស្ថិតក្នុងទីតាំងមួយក្នុងចំណោមក្រុមកំពូលៗរបស់អឺរ៉ុប ហើយអ្នកចាំទី Hugo Lloris ជឿជាក់ថា ក្រុម Spurs របស់លោក Mauricio Pochettino ដែលមិនស្គាល់ចាញ់សោះក្នុងចំណោមការប្រកួត ១០លើកចុងក្រោយរបស់ពួកគេកំពុងតែឈានដល់កំណាក់កាលកំពូល។ អ្នកចាំទីរូបនេះបានឲ្យដឹងថា៖ «វាមាននូវសក្តានុពលដ៏អស្ចារ្យមួយក្នុងក្រុមនេះ ហើយខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខក្នុងការមើលការអភិវឌ្ឍមួយនេះ»។

Liverpool បានកាត់បន្ថយសម្ពាធនៅលើលោក Jurgen Klopp តាមរយៈការយកឈ្នះក្នុងលទ្ធផល ៧-០ លើក្រុម Maribor របស់ស្លូវេនី ប៉ុន្តែ បើនិយាយពីការប្រកួតលីកក្នុងស្រុករបស់ពួកគេវិញ ក្រុមហង្សក្រហមមួយនេះ មិនត្រូវធ្វើឲ្យមានកំហុសឡើយ ក្រោយពីដណ្តើមបានជ័យជម្នះតែ ១លើកគត់ពីការប្រកួតលីក ៥លើកចុងក្រោយរបស់ពួកគេ។

ស្របពេលជាមួយគ្នានេះ ទាំងក្រុម Arsenal និង Everton ក៏នឹងសម្លឹងរកការស្តារមុខមាត់របស់ពួកគេរៀងៗខ្លួនផងដែរ នៅពេលពួកគេជួបគ្នានៅថ្ងៃអាទិត្យនេះ ក្រោយពីជួបការខកចិត្តដូចគ្នាកាលពីសប្តាហ៍មុន។ Arsenal បានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Watford ស្របពេលដែលក្រុម Everton ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ នៅលើទឹកដីក្រុម Brighton មុននឹងចាញ់ Lyon ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។ Everton និង Arsenal នឹងចាប់ផ្តើមប្រកួតនៅម៉ោង៧:៣០យប់ ហើយ Tottenham នឹងចាប់ផ្តើមនៅម៉ោង១០យប់ថ្ងៃអាទិត្យ៕

កែសម្រួលដោយ៖​ Usportkh
ប្រភព៖ Worldsoccertalk