Neymar បានដើរតួនាទីទាំងជាវីរបុរស និងជាជនអាក្រក់ ខណៈដែលតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ មុននឹងរងពិន័យកាតក្រហមក្នុងពេលក្រុម Paris Saint Germain បានធ្វើការវាយបកដើម្បីទទួលបានលទ្ធផលស្មើ ២-២ ក្នុងការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងគូប្រជែងដ៏ខ្លាំង Marseille ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ។

Marseille បានរកគ្រាប់បាល់បើកឆាកមុន តាមរយៈការស៊ុតបាល់ពីចម្ងាយរបស់កីឡាករ Luiz Gustavo នៅនាទី ទី១៦ នៅមុនពេល Neymar បានរកគ្រាប់បាល់តាមស្មើវិញ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី៣៣ ដើម្បីរកគ្រាប់បាល់ទី១០ ក្នុងចំណោមការប្រកួត១១លើកសម្រាប់ក្លិបរបស់គេ។ ក្រោយពីខ្សែបម្រើ Florian Thauvin បានជួយឲ្យមានគ្រាប់បាល់នាំមុខម្តងទៀតបន្ទាប់ពីនោះ Neymar បានរងពិន័យកាតលឿង ហើយបន្ទាប់មករងពិន័យកាតក្រហម ក្នុងចន្លោះពេលត្រឹមតែ២នាទី នៅពេលដែលព្យាយាមប្រើក្បាលអុកទៅលើខ្សែប្រយុទ្ធអាហ្សង់ទីន Lucas Ocampos របស់ក្លិប Marseille។

ទោះបីជាយ៉ាងណា ការស៊ុតបាល់ពិន័យ Free-kick យ៉ាងល្អឥតខ្ចោះពីសំណាក់ខ្សែប្រយុទ្ធ Edinson Cavani បានជួយឲ្យក្រុមខ្លួនតាមស្មើក្នុងលទ្ធផល ២-២ នៅនាទីបន្ថែមដើម្បីស្រោចស្រង់បាន ១ពិន្ទុសម្រាប់ក្រុម PSG តែម្តង ខណៈដែលកីឡាកររបស់ក្រុម Marseille បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងនៅឯកីឡដ្ឋាន Stade Velodrome ។ លោក Unai Emery គ្រូបង្វឹករបស់ PSG បានឲ្យដឹងថា៖ «យើងមានការខកចិត្តបន្តិចជាមួយនឹងការផ្តល់ការពិន័យកាតក្រហមសម្រាប់ Neymar ពីព្រោះរូបគេគឺជាជនរងគ្រោះចំពោះកំហុសជាច្រើនក្នុងការប្រកួតទាំងមូលនេះ។ ខ្ញុំជឿជាក់ថា នោះគឺជាការងាររបស់អ្នកគ្រប់គ្នាក្នុងការការពារកីឡាករឆ្នើមៗ»៕

វីឌីអូហាយឡាយការប្រកួតរវាង Marseille vs PSG ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia