បរទេស៖ Paris Saint-Germain បាន​តាម​ស្មើ​កំណត់ត្រា​របស់​បារាំង តាម​រយៈ​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Ligue 1 ជាលើក​ទី​១០ ដើម្បី​តាម​ស្មើ​ឯកទគ្គ​កម្មនេះ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម Saint-Etienne របស់​ Michel Platini ប៉ុន្តែ ការ​​សម្រេច​បាន​នូវ​​សមិទ្ធ​ផល​ជា​ប្រវត្តិ​សាស្ត្រ​​ដោយ​កម្របែប​នេះ ក្នុង​កីឡា​បាល់​ទាត់ ហាក់​មិនផ្តល់​នូវ​ភាព​រំភើប​ខ្លាំង​ឡើយ​។

ភាព​រំភើប​នានា ហាក់​មិនមានកម្រិត​ខ្លាំង​ឡើយ ដោយ​សារ​តែ​ម្ចាស់​គ្រប់គ្រង​ពាន Ligue 1 ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ជាស្រេច ក្រោយពីក្រុម PSG បាន​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​៨​លើក​ដំបូង​របស់​ពួកគេ ដើម្បី​នាំមុខ​ចំនួន​៩ពិន្ទុ ដាច់​លើ​កំពូល​តា​រាង នៅ​ត្រឹម​ចុង​ខែ​កញ្ញា​។ ជា​មួយ​គ្នា​នេះ ការ​ឈ្នះ​ត្រឹម​តែ​ពានក្នុងស្រុក ក៏​មិន​សក្តិ​សម​ទៅនឹង​សមត្ថភាព​របស់​ក្រុម PSG ផង​ដែរ ក្រោយ​ពីក្លិប​នាំ​បាននាំ​​យក Lionel Messi និង​បាន​ច្រាន​ចោល​សំណើ​ដេញ​តម្លៃ​ក្នុង​ទំហំ​ទឹក​ប្រាក់​១៨០លាន​អឺ​រ៉ុប (ស្មើ​នឹង​១៩៥លានដុល្លារ​អាមេរិក) ពីក្លិប Real Madrid សម្រាប់ Kylian Mbappe នៅ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ច​សន្យា​របស់​គេ​។

លោក Mauricio Pochettino បាន​​ទទួល​ស្គាល់​ថា៖ «ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ Champions League គឺជា​គោល​ដៅ​គ្រឹះ​សម្រាប់ Paris Saint-Germain ហេតុនេះ វា​តែង​តែ​​ជា​រឿង​ដ៏ខក​ចិត្ត​ ប្រសិន​បើ​​យើង​មិន​បាន​ឈ្នះ​»​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​ផ្តោត​អារម្មណ៍​របស់​ពួកគេ​នៅពេល​នេះ គឺ​ការ​រក្សា​ទុក Mbappe ដែល​អាច​នឹង​ចាក​ចេញ​ដោយ​គ្មាន​តម្លៃ បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia