បរទេស៖ ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិ​ពល Kylian Mbappe បាន​និយាយ​ថា រូប​គេ​នៅ​តែ​មិនទាន់​ធ្វើការ​សម្រេច​ចិត្ត​លើ​អនា​គ​របស់​គេនៅ​​ក្លិប Paris Saint-Germain នៅ​ឡើយ​ទេ ក្រោយពី​បាន​ស៊ុត​បាល់​​បញ្ចូល​ទី​២​គ្រាប់ ជាមួយ​នឹងការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ ក្នុង​​ពេលក្រុម​ខ្លួន​បានយកឈ្នះ​លើ​ក្រុម Lorient ក្នុងលទ្ធផល ៥-១ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Ligue 1 កាលពីថ្ងៃ​អាទិត្យ​។

តារា​ឆ្នើម​អន្តរ​ជាតិ​បារាំង​រូបនេះ បាន​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​មុតស្រួច តាមរយៈ​ការ​ជួយ​ឲ្យ Neymar រក​បាន​២​គ្រាប់ និង​ជួយ​​ឲ្យ Lionel Messi រក​​បាន​១​គ្រាប់​ទៀត ខណៈ​ដែល​​​កីឡាករ​ទាំង​៣​សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត​តែ​១​​ដូចគ្នា​សម្រាប់ PSG ជាលើក​ដំបូង​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​ចាប់​អារម្មណ៍​បន្ទាប់​ពីការ​ប្រកួតត្រូវ​បានផ្លាស់ប្តូរ​ភ្លាម​ៗ​ទៅលើ​កន្លែងដែល Mbappe នឹង​ត្រូវ​ទៅលេង​ឲ្យ​នារដូវ​កាល​ក្រោយ ខណៈ​ដែល​កិច្ច​សន្យារបស់​គេ​ជាមួយនឹង​ក្លិប PSG នឹង​ផុតកំណត់នៅ​ខែ​កក្កដា​។

Mbappe បាន​ប្រាប់​​ទូរ​ទស្សន៍ Prime Video ថា៖ «ខ្ញុំ​មិន​ទាន់​ធ្វើ​ការ​ជ្រើស​រើសនៅឡើយ​ទេ។ ខ្ញុំ​មិន​ទាន់​សម្រេច​ចិត្តរបស់​ខ្ញុំ​នៅឡើយទេ​​។ ខ្ញុំ​កំពុង​តែ​គិត ព្រោះ​មាន​ធាតុ​ផ្សំ​ និងមាន​កត្តា​ជាច្រើន​​។ ខ្ញុំ​មិន​ចង់​សម្រេច​ចិត្ត​ខុស​ឡើយ​។ ខ្ញុំ​ដឹង​ថា វា​នឹង​យឺត​បន្តិច​សម្រាប់​គ្រប់គ្នា ព្រោះ​យើង​និយាយ​ពី​បញ្ហា​នេះ​ជា​រៀង​រាល់ថ្ងៃ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia