បរទេស៖ ខ្សែ​ប្រយុទ្ធ Neymar បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ស្រប​ពេល​ដែល Lionel Messi ក៏​បាន​ស៊ុត​បាល់បញ្ចូល​ទី​ផង​ដែរ ខណៈ​ដែល​ក្រុម Paris Saint-Germain បាន​ផ្តួលក្រុម Nantes យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល ៤-០ ក្នុង​ការ​ប្រកួត​ពាន Champions Trophy ក្នុង​ទីក្រុង Tel Aviv កាលពីថ្ងៃ​អាទិត្យ ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ជាលើក​ដំបូង​របស់​លោក​គ្រូបង្វឹក​ថ្មី Christophe Galtier​។

ក្រោយ​ពី​ជួប​ការ​ខក​ចិត្ត​ក្នុង​រដូវកាល​ទី​១​របស់​គេ​ក្នុងកីឡា​បាល់ទាត់​បារាំ Messi បាន​ស៊ុត​​បាល់​បំ​ប៉ោង​សំណាញ់ទី​ នៅ​នាទី ទី​២២ ក្នុងការ​ប្រកួត​ដណ្តើម​ពាន​បើក​រដូវ​កាល ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​អ៊ី​ស្រាអែល ជាលើក​ទី​២​ជាប់​ៗ​គ្នា​។ Neymar ដែល​អនា​គត​របស់​គេ​ក្នុង​ក្លិប​នេះ បាន​ស្ថិត​ក្នុង​ភាពមិនច្បាស់​ដោយ​សារ​តែ​ពាក្យ​ចរចាម​អារ៉ាម​នានា​ នៅ​រដូវ​ក្តៅនេះ បាន​បន្ថែម​គ្រាប់បាល់​នាំមុខ​នៅមុន​ពេល​បញ្ចប់​តង់ទី​១ តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ​ Free-kick បញ្ចូល​ទីយ៉ាងល្អ​។

ខ្សែ​ការ​ពារ​ Sergio Ramos បាន​បន្ថែម​គ្រាប់បាល់​ទី​៣ ហើយ Neymar រក​បាន​គ្រាប់បាល់​ទី​២​របស់​គេ ពីការ​ស៊ុត​បាល់​ប៉េណាល់ទី ខណៈ​ដែលក្រុម PSG ដែល​ជាម្ចាស់​ជើង​ឯកក្រប​ខ័ណ្ឌ Ligue 1 បានយកឈ្នះ​លើ​ក្រុមម្ចាស់​ជើង​ឯក French Cup កាល​រដូវ​កាល​មុន​យ៉ាង​ងាយស្រួល​។ នេះ​គឺ​ជា​លើក​ទី៩​ក្នុង​ចំណោម​​១០រដូវ​កាល​ចុងក្រោយ ​ដែល​ក្រុម PSG បាន​លើក​ពាន Champions Trophy​។ កាលពី​១ឆ្នាំមុន ពួក​គេ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Lille ក្នុង​លទ្ធផល ១-០ នៅ​លើ​ទីលាន​ដូចគ្នា​​៕

ប្រភព័ត៌មាន៖ Channel News Asia