ខ្សែប្រយុទ្ធ Cristiano Ronaldo បានកំណត់គោលដៅក្នុងការឈ្នះពានចំនួន ៧ របស់ FIFA ក្រោយពីរូបគេបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោកជាលើកទី៥ កាលពីថ្ងៃចន្ទ។

ក្រុម Real Madrid របស់ Ronaldo ដែលបានឈ្នះពានក្នុងក្របខ័ណ្ឌ La Liga និងពាន Champions League កាលពីរដូវកាលមុននោះ បានគ្រប់គ្រងពានកីឡាបាល់ទាត់របស់ FIFA ឆ្នាំ២០១៧នេះ ក្នុងកម្មវិធីដែលប្រជុំដោយតារាបាល់ទាត់ឆ្នើមៗមួយក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបាល់បញ្ចូលទីសរុប ៤៤គ្រាប់ ក្នុងការប្រកួត ៤៨លើកសម្រាប់ក្លិប និងប្រទេសរបស់គេក្នុងរដូវកាលមកទល់ពេលនេះ ក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៤-១ លើក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Cardiff កាលពីថ្ងៃទី៣ ខែមិថុនា ផងដែរ។ Ronaldo បានយកឈ្នះក្នុងការប្រជែងផ្សេងៗពីសំណាក់ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona និងកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត Neymar របស់ក្លិប Paris Saint-Germain។

ក្រោយពីទទួលភាពជោគជ័យដ៏ធំធេងទាំងក្នុងក្លិប Manchester United និង Real កីឡាករ Ronaldo មិនទាន់ឆ្អែតឆ្អន់ឡើយ ដោយរូបគេបាននិយាយថា៖ «ខ្ញុំចង់ឈ្នះពាននេះ ៧លើក។ ការឈ្នះពាន ៥លើកនេះគឺជារឿងដ៏ល្អ ប៉ុន្តែ លេខ៧ គឺជាលេងនាំសំណាង ហេតុនេះការឈ្នះពាន ៧លើក នឹងក្លាយជារឿងដ៏ល្អអស្ចារ្យ»។

ស្របពេលជាមួយគ្នានេះ លោក Zinedine Zidane គ្រូបង្វឹករបស់ក្លិប Real បានឈ្នះពានអ្នកចាត់ការទូទៅឆ្នើមបំផុតប្រចាំឆ្នាំ ខណៈដែលក្លិបយក្សរបស់អេស្ប៉ាញមួយនេះ មានកីឡាករដល់ ៥នាក់ដែលជាប់ក្នុងក្រុមខ្លាំងប្រចាំឆ្នាំ (FIFPro team of the Year)។ ក្នុងការផ្តល់រង្វាន់កាលពីថ្ងៃចន្ទនោះដែរ ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ២០១៧ (Puskas Award) បានទៅលើខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Arsenal៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia