លោក Ronald Koeman កាលពីថ្ងៃចន្ទ បានក្លាយជាអ្នកចាត់ការទូទៅទី៣ ក្នុងក្របខ័ណ្ឌ Premier League ដែលបានបាត់បង់ការងារនៅរដូវកាលនេះ ក្រោយពីលោកត្រូវបានក្លិប Everton បណ្តេញចេញពីតំណែង។ គ្រូបង្វឹកសញ្ជាតិហូឡង់វ័យ ៥៤ឆ្នាំរូបនេះ ដែលបានដឹកនាំឲ្យក្រុម Everton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងរដូវកាលទី១ របស់លោកក្នុងនាមជាគ្រូបង្វឹកកាលពីរដូវកាលមុននោះ បានបាត់បង់ការងារដោយសារតែការជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះ បើទោះបីបានចំណាយប្រាក់ដល់ទៅ១៤០លានផោន (ស្មើនឹង១៨៥លានដុល្លារដុល្លារអាមេរិក) នៅមុនពេលបើករដូវកាលក៏ដោយ។

ការរងបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល ៥-២ លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Arsenal កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឲ្យពួកគេធ្លាក់ចូលក្នុងតំបន់កាត់ចោលនោះ បានកាត់សេចក្តីទៅលើជោគវាសនារបស់លោកតែម្តង ហើយបើទោះបីលោកបានដឹកនាំការហ្វឹកហាត់កាលពីថ្ងៃចន្ទក៏ដោយ ប៉ុន្តែ លោកបានទទួលការបញ្ជាក់ឲ្យដឹងមួយពីលោក Bill Kenwright ដែលជាប្រធានក្លិប។ ក្លិប Everton បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបកីឡាបាល់ទាត់ Everton អាចប្រកាសបានថា លោក Ronald Koeman បានចាកចេញពីក្លិបនេះហើយ»។ ក្លិបទូកក្តោងមួយនេះ បានបន្ថែមទៀតថា៖ «លោកប្រធានក្លិប Bill Kenwright ដែលជាប្រធានក្រុមប្រឹក្សា និងម្ចាស់ភាគហ៊ុនធំលោក Farhad Moshiri សូមសម្តែងនូវការដឹងគុណចំពោះលោក Ronald សម្រាប់ភារកិច្ចដែលលោកបានធ្វើក្នុងក្លិបនេះ ក្នុងរយៈពេល១៦ខែកន្លងមកនេះ ហើយសម្រាប់ការដឹកនាំឲ្យក្លិបនេះបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាង Premier League កាលពីរដូវកាលមុន»។

លោក Koeman ដែលបានចូលរួមជាមួយនឹងក្លិប Everton ក្រោយពីជួបពេលវេលាដ៏ជោគជ័យនៅក្នុងក្លិប Southampton នោះបានចំណាយទឹកប្រាក់ដ៏ច្រើនដើម្បីទិញចូលកីឡាករថ្មី ក្នុងនោះរាប់បញ្ចូលទាំងខ្សែបម្រើអន្តរជាតិអ៊ីស្លង់ Gylfi Sigurdsson កាលពីរដូវក្តៅផងដែរ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia