ខ្សែប្រយុទ្ធ Marcel Sabitzer រំពឹងទុកថា នឹងមានភាពរំភើប នៅពេលដែលក្រុម RB Leipzig ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern Munich ក្នុងការប្រកួតពាន German Cup នៅរាត្រីនេះ។ ក្នុងការប្រកួតលើកទី១ក្នុងចំណោមការជួបគ្នា ២លើកក្នុងរយៈពេល ៤ថ្ងៃរវាងក្រុមយក្សស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ទាំងពីរ។ ក្រុមម្ចាស់ផ្ទះ Leipzig សង្ឃឹមថា អាចយកប្រៀបដោយបញ្ហារបួសកីឡាកររបស់ក្រុម Bayern ខណៈដែលអ្នកចាំទី Manuel Neuer ខ្សែប្រយុទ្ធ Thomas Mueller និងខ្សែបម្រើ Franck Ribery សុទ្ធសឹងត្រូវអវត្តមាន។

ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Mats Hummels ដែលបានរងរបួសកជើងកាលពីចុងសប្តាហ៍នោះ ប្រឈមមុខនឹងការព្យាយាមធ្វើឲ្យជាសះស្បើយឲ្យទាន់ពេលវេលាសម្រាប់ការប្រកួតដ៏សំខាន់ទាំង២លើក នៅឯកីឡដ្ឋាន Red Bull Arena របស់ក្រុម Leipzig និងក្នុងការប្រកួតលីករយៈពេល ៤ថ្ងៃក្រោយមក ក្នុងទីក្រុង Munich។ ការប្រកួតក្នុងក្របខ័ណ្ឌ Bundesliga នៅថ្ងៃសៅរ៍នេះ ក៏ត្រូវបានរំពឹងទុកថា នឹងក្លាយជាការប្រកួតដ៏រំភើបផងដែរ ខណៈដែលទាំងក្រុម Leipzig និង Bayern កំពុងតែដេញតាមពីក្រោយគ្នាត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ ការប្រកួតលើទឹកដីខ្លួនឯងរបស់ Leipzig ជាមួយនឹងក្រុម Bayern គឺការប្រកួតជុំទី២នៃពាន German Cup ស្របពេលដែលក្រុមជើងខ្លាំង Borussia Dortmund ទើបតែបានទម្លាក់ក្រុម Magdeburg កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធ Sabitzer ដែលបានរកគ្រាប់បាល់ឈ្នះឲ្យក្រុម Leipzig ក្នុងពេលពួកគេផ្តួលក្រុម Stuttgart ១-០ កាលពីថ្ងៃសៅរ៍នោះ បានឲ្យដឹងថា៖ «យើងកំពុងតែស្ថិតក្នុងទម្រង់លេងល្អ។ អ្នកគាំទ្រអាចសម្លឹងឆ្ពោះទៅកាន់ភាពរំភើបបាន»។ Mueller បានរងរបួសសរសៃពួរគន្លាក់ជើង ក្នុងពេលក្រុមខ្លួនបានយកឈ្នះនៅលើទឹកដីក្រុម Hamburg និងកីឡាករ Thiago Alacantara អាចនឹងចូលេងក្នុងតំណែងបម្រើប្រយុទ្ធនៅរាត្រីនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖​ Supersport